ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ​៦​នាក់​ ករណី​ក្លែងបន្លំ​ជា​សមត្ថកិច្ច​ និង​ជំរិត​ទារប្រាក់​

​ព្រះ​សីហ​នុៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ខ្លួន​ជា​សមត្ថកិច្ច​នគរបាល​ និង​ជំរិត​ទារប្រាក់​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១​និង​០០​នាទី​ មាន​ជន​ ជាតិចិន​ម្នាក់​ ភេទ​ប្រុស​ បាន​មក​ដាក់​ពាក្យបណ្តឹង​ថា​ នៅ​ថ្ងៃ​ទី​ ០៦.០៩.២០២០​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ មាន​ជនសង្ស័យ​មួយ​ក្រុម​ជា​ជនជាតិ​ខ្មែរ​ មាន​គ្នា​៥​នាក់​ ស្លៀកពាក់​ស៊ី​វិល​ ជិះ​រថយន្ត​១​គ្រឿង​ ប្រភេទ​ PICK​ UP​ ពណ៌​ស​ និង​ម៉ូតូ​២​គ្រឿង​ អះអាង​ថា​ ជា​សមត្ថកិច្ច​នគរបាល​ បាន​ធ្វើ​សកម្មភាព​កាក់​រថយន្ត​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​១​គ្រឿង​ ម៉ាក​ព្រូស​ ពណ៌​ក្រហម​ ពាក់ផ្លាក​លេខ​ ព្រះ​សីហ​នុ​ 2C-9291​ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​បុរី​គុ​ជ​អាស៊ី​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។

​សមត្ថកិច្ច​បន្ត​ថា​ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ​ ក៏​បាន​ទម្លាក់​គ្រឿងញៀន​១​កញ្ចប់​ នៅ​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ​ ដើម្បី​ចោទប្រកាន់​ថា​ គ្រឿងញៀន​ជា​របស់​ជន​រង​គ្រោះ​ រួច​គំរាម​ទារប្រាក់​ពី​ជន​រង​ គ្រោះ​ចំនួន​៤,០០០$​ (​បួន​ពាន់​ដុល្លារ​អា​មេ​រិ​ក​)​ បើ​មិន​ព្រម​ឲ្យ​ទេ​ ក្រុម​ជនសង្ស័យ​ទាំងនោះ​នឹង​ចាប់​ជន​រង​គ្រោះ​ទៅ​ប៉ុស្តិ៍ប៉ូលីស​ ។​ ដោយ​មានការ​ភ័យ​ខ្លាច​ ជន​រង​គ្រោះ​ក៏​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ដើរ​ខ្ចី​លុយ​ពី​មិត្តភក្តិ​បាន​ចំនួន​២,៣០០$​ (​ពីរ​ពាន់​បី​រយ​ដុល្លារ​អា​មេ​រិ​ក​)​ យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​ជនសង្ស័យ​ ដោយ​សន្យា​ថា​ ប្រាក់​ដែល​នៅ​ សល់​នឹង​ឲ្យ​នៅ​ពេល​ក្រោយ​ ។

​បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​៦​នាក់​(​ជនជាតិ​ចិន​១​នាក់​)​ ជា​បន្តបន្ទាប់​ នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ZHANG​ KANG​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ទេសចរ​ ស្នាក់​នៅ​ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ បាត់បង់​៖​ លុយ​២,៣០០$​ (​ពីរ​ពាន់​បី​រយ​ដុល្លារ​អា​មេ​រិ​ក​)​ ។​
​ជនសង្ស័យ​ទាំង​៦​នាក់​៖១-​ឈ្មោះ​ ហាក់​ សុធា​បញ្ញា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ ភ្នាក់ងារ​សារព័ត៌មាន​ កម្ពុជា​ញូ​វ​ផ្លាស​ មាន​ទីលំនៅ​ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
២-​ឈ្មោះ​ អ៊ួ​ន​ ប្រុស​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ភ្នាក់ងារ​សារ​ ព័ត៌មាន​ CAM​ POST​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៣-​ឈ្មោះ​ ចិន​ ប៊ុ​ន​ធឿ​ន​ ហៅ​ រាជ្យ​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​ភ្នាក់ងារ​សារព័ត៌មាន​ NEWS​ Online​ មាន​ទីលំនៅ​ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៤-​ឈ្មោះ​ ចំរើន​ លាង​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​ ម៉ៅ​ការ​សំណង់​ និង​ជួល​រថយន្ត​ មាន​ទីលំនៅ​ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៥-​ឈ្មោះ​ ស៊ឹ​ម​ សុខ​ដា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ ជំនួយការ​របស់​ឈ្មោះ​ អ៊ួ​ន​ ប្រុស​ ភ្នាក់ងារ​សារ​ព​ត៌​មាន​ CAM​ POST​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៦-​ឈ្មោះ​ ZHOU​ DONGYA​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ រត់​តាក់ស៊ី​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់