បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ ហាន តៃ ភេទប្រុសអាយុ ៥០ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ។
អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ កាលពីវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ មានករណីប៉ុនប៉ងមនុស្សឃាតបានកើតឡើង នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដែលបង្កឡើងដោយឈ្មោះ ហាន តៃ បានយកកាំបិតខ្វែវកាប់ទៅលើស្ត្រីជាប្រពន្ធដោយមិនដឹងខ្លួនឈ្មោះ ឃាង ឆវី អាយុ៤៨ឆ្នាំ ជាប្រពន្ធ ចំនួន០៥កាំបិត ត្រូវមុខចំច្រមុះមកត្រចៀក, ត្រូវមាត់មកថ្គាម , ត្រូវស្មា ខាងស្តាំ, ត្រូវកញ្ចឹង ក , ត្រូវកំភួនដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបូរីភ្លាមៗផងដែរ។ ជនសង្ស័យជាប្តីនិងជនរងគ្រោះជាប្រពន្ធមានកូនចំនួន០៣នាក់ បានព្រមព្រៀងលែងលះគ្នាតាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយមានផ្តិតមេដៃនៅផ្ទះប្រធានភូមិ ដោយសារតែការរស់នៅមិនចុះសំរុងនិងគ្នា។ ជនសង្ស័យបានចុះចេញពីផ្ទះទៅរស់នៅផ្ទះប្អូន ជិតផ្ទះរបស់ខ្លួនដែលប្រពន្ធរស់នៅម្នាក់ឯង កូន០៣នាក់ ទៅធ្វើការនៅថៃអស់ ។
លោកអធិការបានបន្តថា៖ ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ ហាន តៃ បានរត់គេចខ្លួន ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរុករកជនដៃដល់ រហូតឈានដល់ការចាប់ឃាត់ខ្លួននិងបានដកហូតបានវត្ថុតាងកាំបិតខ្វែវ ដែលជនសង្ស័យធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២០ និងបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយពីនគរបាលស្រុកព្រះនេត្រព្រះចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហាន តៃ បានសារភាពថាគេនិងប្រពន្ធរបស់គេឈ្មោះ ឃាង ឆវី បានលែងលះគ្នាមែនតែរូបគេមិនដាច់ចិត្តនៅតែស្រឡាញ់ប្រពន្ធគេដដែល ។ចំពោះមូលហេតុ ដែលខ្លួនកាប់ទៅលើជនរងគ្រោះជាប្រពន្ធ ដោយសារតែគេខឹងនឹងប្រពន្ធរបស់គេទៅច្រៀងការ៉ាអូខេ ។
បច្ចុប្បន្នជនសង្ស័យនិងវត្តុតាង ត្រូវបាននគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់