ភ្នំពេញ ៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សូម ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពណ៍ការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមប្រចាំខែកញ្ញា និងប្រជុំដកស្រង់បទពិសោធន៍ការងាររឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅកម្លាំនគរបាលក្រោមឱ្យវាទត្រូវស្រាវជ្រាវស្វែងរកចាប់ខ្លួនមន្រ្តីនគរបាល០១នាក់ដែលបានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់បុរសជាងកាត់សក់០១នាក់នៅខណ្ឌទួលគោក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅក្នុងជម្លោះគំនុំដណ្តើមយកចំណីផ្លូវខាងមុខផ្ទះសម្រាប់ចតម៉ូតូនិងរថយន្តដែលរវាងជនរងគ្រោះនិងជនសង្ស័យជាអ្នករស់នៅជិតខាងនឹងគ្នា។អំពើឃាតកម្មនោះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯកឧត្តមសេនីយ៍ឯក ស ថេត ក៏បញ្ជាឱ្យស្នើកាត់ក្របខណ្ឌមន្រ្តីនគរបាលល្មើសនោះចេញពីនគរបាលជាតិនិងក៏បានប្រមានចាត់ វិធានការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិដល់មន្រ្តីនគរបាលមួយចំនួនដែលមិនគោរពច្បាប់មិនគោរពវិន័យនគរបាលជាតិហើយទៅធ្វើសកម្មភាពខុសច្បាប់ណាមួយនោះ។
ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការលើកឡើងជុំវិញបញ្ហាប្រឈមនិងដាក់ចេញនូវវិធានការមួយចំនួនទៀតដោះស្រាយលើការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យការអនុវត្តតាមអនុក្រឹត្យលេខ៣៩នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយឱ្យបានច្រើនអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។របាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបង្ហាញឱ្យដឹងថានៅឆ្នាំ២០២០ រយៈពេល ០៥ខែ នៃការចាប់ផ្តើមបើកយុទ្ធនាការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគឺអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញកើតឡើងសរុបចំនួន៣៣៧ករណី បណ្តាលឱ្យមនុស្សស្លាប់៩៨នាក់ និងរងរបួសធ្ងន់ស្រាល៤៦៥នាក់ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩ បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៧៣៦ករណី បណ្តាលឱ្យស្លាប់១០៧នាក់និងអ្នកទទួលរងរបួសធ្ងន់ស្រាល៧៥៥នាក់។គ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣៩៩ករណី ,ថយអ្នកស្លាប់០៩នាក់ និងថយអ្នករងរបួសធ្ងន់ស្រាល២៩០នាក់។
ក្នុងកិច្ចប្រជុំនោះថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រុញឱ្យកម្លាំងនគរបាលចរាចរណ៍បង្កើនការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវតាមច្បាប់និងគោលការណ៍ថ្នាក់លើនិងជម្រុញចេញជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមគោលដៅដែលតែងតែជួបនូវបញ្ហាកកស្ទះចរាចរណ៍ដូចនៅគោលដៅផ្សារច្បារអំពៅ ក្បាលថ្នល់ មហាវិថីព្រះនរោត្តម ផ្លូវរង្វង់មូលចោមចៅនិងនៅតាមបណ្តាផ្លូវមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ និងណែនាំពង្រឹងយកចិត្ដទុកដាក់ខ្ពស់បំផុតកិច្ចការងារចេញការពារក្បួនគណៈប្រតិភូថ្នាក់ដឹកនាំកំពូលៗជាតិនិងប្រតិភូអន្តរជាតិធ្វើយ៉ាងណាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពគ្រប់គ្រាន់៕
មតិយោបល់