ព័ត៌មានជាតិ

RX300 បុកក្មេងប្រុសម្នាក់យ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងប្រុសម្នាក់បានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសាររថយន្តបុក ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៦និង៧ ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្មេងប្រុសរងគ្រោះឈ្មោះ ម៉ាប់ ថាន់វ៉ា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុក្មេងរងគ្រោះបានរត់ឆ្លងផ្លូវពីកើតទៅលិច ស្របពេលនោះ មានរថយន្ត០១គ្រឿងម៉ាកលុចស៊ីស RX300 ពណ៏ទឹកមាស ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-6865 បើកពីជើង ទៅត្បូង បានបុកក្មេងរងគ្រោះនោះតែម្តង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើកគេចខ្លួនចេញពីកន្លែងកើតហេតុទៅដល់ចំណុចវត្តថ្មី ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនោះដែរ ក៏បានទុករថយន្តចោលរត់គេចខ្លួន ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់នេះរថយន្តបើកលឿន ក្មេងរត់ឆ្លងផ្លូវជាតិខ្វះការប្រុងប្រយត្ន័ បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលជំនាញពិនិត្យរួច ៕

 

មតិយោបល់