ព័ត៌មានជាតិ

ឃាត់ខ្លួនខ្មែរឥស្លាមម្នាក់ យកអង្រែបុកគ្រឿង វាយបងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យបែកថ្ងាសហូរឈាម

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ម៉ោង១០និង៣០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារ ប្អូនវាយបងបណ្ដាលឲ្យជនរងគ្រោះមានរបួសស្នាមរយះត្រង់ថ្ងាសនៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកតាពៅ១ សង្កាត់
ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះ(បងបង្កើត)ឈ្មោះ ម៉ាត់ រ៉ាយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ ។ ជនសង្ស័យ(ត្រូវជាប្អូនបង្កើត)ឈ្មោះ ម៉ាត់ ហ្វីឡា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ មានទីលំនៅភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន )។

វត្ថុតាងចាប់យក៖ អង្រែបុកគ្រឿងធ្វើអំពីឈើប្រវែង៣៥សង់ទីម៉ែត្រ ចំនួនមួយ ។

មុនពេលកើតហេតុ៖ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយ:ពេល១ឆ្នាំ ករណីអំពីលួចលុយ ។ លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានស្រែកឡូឡាជេរគេជេរឯង ដោយវានិយាយថាខ្មោចចូលខ្លួនវា ពេលនោះជនរងគ្រោះដែលជាបងបង្កើតរស់នៅក្រោមដំបូលផ្ទះតែមួយគ្នា បានចូលមកហាមកុំឲ្យស្រែកឡូឡារំខានដល់អ្នកជិតខាង តែជនសង្ស័យមិនស្តាប់ ទើបជនរងគ្រោះបានទះជនសង្ស័យមួយកំផ្លៀង ពេលនោះជនសង្ស័យខឹងបានរត់ទៅយកអង្រែបុកគ្រឿង យកមកវាយជនរងគ្រោះមួយអង្រែចំថ្ងាស បណ្តាលឲ្យរយះចេញឈាមតែម្តង ។ ដោយទ្រាំនឹងទង្វើដដែលរបស់ជនសង្ស័យមិនបាន ទើបជនរងគ្រោះបានទៅប្តឹងកម្លាំងប៉ុស្តិ៍ដើមមៀនឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់