ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ និងមានសារធាតុជាតិញៀន

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទី ជនរងគ្រោះឈ្មោះ James Alexander ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិអាមេរិក បានដើរចេញពីសណ្ឋានគារ ហ្ស៊ីង នៅផ្លូវ១២៦ កែងផ្លូវ៨១ បានមកឈរចំណុច ប៉េនឡានបាត់ដំបង ហើយបានដកទូរស័ព្ទមកនិយាយ ពេលនោះជនសង្ស័យ០២នាក់ បានជិះម៉ូតូមកអែបជនរងគ្រោះ ហើយជនសង្ស័យដែលអង្គុយខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ហើយបានជិះបំរ៉ុងគេចខ្លូនតែត្រូវបានជនរងគ្រោះ ស្រែកឆោឡោ។

ភ្លាមនោះកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានសហការជាមួយប្រជាពលរដ្ឋ ក៏បានចេញស្ទាក់ផ្លូវធ្វើអន្តរាគមន៍ ឃាត់ខ្លួន បានជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ទូរស័ព្ទជនរងគ្រោះ ព្រមទាំងម៉ូតូជិះធ្វើសកម្មភាព មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអនុវត្តតាមនីតិវីធីច្បាប់។ ក្រោយពីសមត្ថកិច្ចសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ជនសង្ស័យទាំង២នាក់ មានសារជាតិញៀន។

ជនសង្ស័យដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ សង្ឃ ពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ជាអ្នកបើកម៉ូតូ។
២-ឈ្មោះ ជ្រុញ ណារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ជាអ្នកឆក់។

វត្ថុតាងចាប់យករួមមាន៖
១- ម៉ូតូ០១គ្រឿងម៉ាក lcon ពណ៌ខ្មៅលាយផ្កាឈូក សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខ PP-1AH7133 ជារបស់ជនសង្ស័យ។
២- ទូរសព្ទម៉ាក IPONE-X ពណ៌ស ប្រើស៊ីន 015 ជារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅជនរងគ្រោះវិញ។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់