បន្ទាយមានជ័យៈ នៅថ្ងៃសៅរ៍ ០៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទីព្រឹក មានករណីមនុស្សវ័យចំណាស់ម្នាក់ បានរអិលជើងធ្លាក់ពីលើគ្រែចូលទៅក្នុងទឹក បណ្តាលឲ្យលង់ស្លាប់ បង្កឲ្យមានការភ្ញក់ផ្អើលកើតឡើង នៅចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សាកសពឈ្មោះ លឹម សឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។
ករណីខាងលើនេះ បើយោងតាមការបំភ្លឺរបស់ឈ្មោះ កែម យឿន ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ឈ្មោះ លឺម សឿន ជាមនុស្សញៀនស្រា ហើយត្រូវប្រពន្ធផ្តាច់ មិនឲ្យផឹករយៈពេល០២ទៅ០៣ថ្ងៃកន្លងមកហើយ ។ មុនកើតហេតុវេលាម៉ោង២និង៣០នាទីឈ្មោះ លឹម សឿន និងប្រពន្ធបានធ្វើការជញ្ជូនអង្ករ និងចៅ ឆ្លងកាត់ទឹកកំពស់ប្រហែល០១ម៉ែត្រ និងចំងាយប្រហែល៦០ម៉ែត្រទៅមកជាធម្មាតា ។ លុះជញ្ជូនរួចឈ្មោះ លឹម សឿន បានអង្គុយនៅលើគ្រែ ដែលមានទឹកនៅក្រោមផ្ទះកំពស់ប្រែហែល០១ម៉ែត្រ ដោយមានអាការញ័រដៃញ័រជើង ហើយរអ៊ូថា ឃ្លានស្រានិងចង់តែស្លាប់ បន្ទាប់មកស្រាប់តែជនរងគ្រោះបាត់ខ្លួន ប្រពន្ធដើររកមិនឃើញ ។ រហូតដល់ម៉ោង០៦និង៣០នាទីព្រឹកក្នុងថ្ងៃដដែលទើបឃើញសាកសពអណ្តែតនៅក្រោមគ្រែ ដែលជនរងគ្រោះអង្គុយមុនដែលស្លាប់ ។
ពាក់ព័ន្ធករណីនេះដែរ សមត្ថកិច្ចបានបង្កើតក្រុមការងារចូលរួមពិនិត្យសាកសព និងកន្លែងកើតហេតុ មានសមាសភាពលោកនាយផ្នែកវិភាគកន្លែងកើតហេតុ, មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព. លោកប្រធានក្រុមប្រឹក្សាឃុំម៉ាឡៃ .លោកនាយប៉ុស្តិ៍នគរបាលម៉ាឡៃ ។
ជាលទ្ធផល៖ សាកសពពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មទេ គឺជនរងគ្រោះស្លាប់ដោយសារចុះពីលើគ្រែហើយរអិលជើងចូលទៅក្នុងទឹកកំពស់ប្រហែល០១ម៉ែត្រ ដោយសារសុខភាពជនរងគ្រោះ មិនអាចងើបឡើងរួចទើបណ្តាលឲ្យស្លាប់ ព្រោះពេលឃើញសាកសពដោយមានអាការដៃតោងនិងបង្គោលនៅក្រោមផ្ទះ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់