ព័ត៌មានជាតិ

ម៉ូតូ​១​គ្រឿង ចោរលួចបានយកទៅផ្ញើនៅ​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​ត្រូវកម្លាំងនគរបាលស្រះចក អន្តរាគមន៍ជូនទៅម្ចាស់ដើមវិញ

​ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ សូម​ធ្វើ​សេចក្តី​បកស្រាយ​បំភ្លឺ​ទាក់ទង​ទៅ​នឹង​ករណី​លួច​ម៉ូតូ​៖​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​៣០​នាទី​ មាន​ជន​រង​គ្រោះ​២​នាក់​ (​ស្រី​ម្នាក់​ប្រុស​ម្នាក់​)​ បាន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ ដើម្បី​សុំ​កិច្ចសហការ​អន្តរាគមន៍​ទៅ​យក​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ តាម​បណ្តោយ​ផ្លូវ​លេខ​៨០​ ភូមិ​២០​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

ពេល​នោះ​លោក​វរសេនីយ៍ត្រី​ កាន់​ វណ្ណៈ​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ កំពុង​តែ​អង្គុយ​ហូប​បាយ​ម្នាក់ឯង​ កម្លាំង​ផ្សេង​ទៀត​ក៏​បាន​នាំ​គ្នា​ទៅ​ហូប​បាយ​រៀងៗ​ខ្លួន​ បន្ទាប់​មក​លោកនាយ​ប៉ុស្តិ៍​បាន​ធ្វើការ​ត្រួត​ពិ​និត្យ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ បានឃើញ​ថា​ ជន​រង​គ្រោះ​ បា​ន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​អូរ​បែក​ក្អម​ពី​ករណី​ចោរលួច​ម៉ូតូ​ហុងដា​ប៊ីត​ ពណ៌​ក្រហម​ មានផ្លាក​លេខ​ 2AM-3686​ ដែល​ត្រូវ​ចោរលួច​ហើយ​យក​មក​ផ្ញើ​ទុក​នៅ​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​

បន្ទាប់មក លោកនាយ​ប៉ុស្តិ៍​ កាន់​ វណ្ណៈ​ ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ទទួលខុសត្រូវ​កន្លែង​ផ្ញើ​ម៉ូតូ​ បើ​ឃើញ​ជន​ណា​ម្នាក់​មក​យក​ម៉ូតូ​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​ សូមកុំ​ឲ្យ​យក​ចេញ​ ហើយ​លោកនាយ​ប៉ុស្តិ៍​បាន​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ទៅ​ចាំ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​មុន​ ខ្លាច​ជនសង្ស័យ​ឆ្លៀតឱកាស​យក​ម៉ូតូ​ចេញ​ ។​

​បន្ទាប់​មក​ លោកនាយ​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ដើម្បី​ចុះ​ទៅ​អន្តរាគមន៍​ ។​ ពេល​កម្លាំង​កំពុង​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ​ ជន​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​លោកនាយ​ប៉ុស្តិ៍​វិញ​ថា​ អរគុណ​បង​ ដែល​បង​បាន​ជួយ​ធ្វើការ​ទំនាក់ទំនង​ទៅ​អ្នក​ផ្ញើ​ម៉ូតូ​ និង​ឲ្យ​លោកនាយ​ប៉ុស្តិ៍​ទៅ​មុន​ កុំ​អី​ម៉ូតូ​នេះ​ត្រូវ​ជនសង្ស័យ​មក​យក​ទៅ​បាត់​ហើយ​ ។​ ក្រោយមក​ កម្លាំង​ប៉ុស្តិ៍​បាន​ទៅ​សុំ​ដកហូត​ម៉ូតូ​ពី​កន្លែង​ផ្ញើ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​តែ​ម្តង​ ៕

មតិយោបល់