ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនម្នាក់ ត្រូវកម្លាំងល្បាតឃាត់ខ្លួន ករណីប៉ុនប៉ងលួចកាច់សោកម៉ូតូ និងពាក់ព័ន្ធករណីលួចរថយន្ដដឹកទឹកកក

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៦និង២០នាទី កម្លាំងនគរបាលខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ដដឹកទឹកកក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ នៅចំណុចក្បែរសាលាបឋមសិក្សាអូរដឹម ផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងប៉ុនប៉ងលួចយកម៉ូតូ ស្ថិតនៅត្រង់ចំណុចតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ពៅ វ៉ាន់ ហៅខ្មៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)

ដំណើររឿង៖ មុនពេលកើតហេតុ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៦និង២០នាទី កម្លាំងនគរបាលខណ្ឌកំបូល បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ក៏ប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ និងត្រួតពិនិត្យនៅលើដងខ្លួន ក៏ឃើញដែកកែច្នៃចុងស្រួចសម្រាប់កាច់សោកម៉ូតូចំនួន០២ដើម និងកូនសោលេខ៨ ចំនួន០១ដើម នៅក្នុងហោប៉ៅខោមុខ ខាងស្តាំ ដែលជនសង្ស័យស្លៀកជាប់ខ្លួន ភ្លាមនោះសមត្ថកិច្ចបានធ្វើការដកហូត ហើយនាំខ្លួនជនសង្ស័យ និងវត្ថុតាងយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាម នីតិវិធីច្បាប់៕

មតិយោបល់