ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត ក្នុងល្បឿនលឿន ខុសគន្លងរបស់ការដ្ឋានដាក់លូ ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យប្ដីស្លាប់ ប្រពន្ធរងរបួសធ្ងន់ នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុន ណង់ ភេទប្រុស អាយុ ៣៦ឆ្នាំ (ស្លាប់) ធ្វើសំណង់ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល ត្រូវជាប្តី និងឈ្មោះ យី សុខគី អាយុ ៣២ឆ្នាំ (រងរបួសធ្ងន់) ធ្វើការរោងចក្រ ត្រូវជាប្រពន្ធ អ្នកទាំង២ជិះម៉ូតូ ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-7396 ចំណែកអ្នកបើករថយន្តបង្កឈ្មោះ ភិន សុផន ភេទប្រុស (ស្រវឹង) ជាយោធាបញ្ជាការដ្ឋានកងទ័ពជើងគោក ឋានន្តរស័ក្ត វរសេនីយ៍ទោ បើករថយន្ត ម៉ាកឡិចស៊ីស LX450 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2I-7318 ។
តាមសាក្សីបានឲ្យដឹងថា មុនដំបូងគេឃើញ រថយន្តបង្ក បើកតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿន ចំណែកឯម៉ូតូរងគ្រោះ ពីត្បូងទៅជើងបញ្រ្ចាសទិសគ្នា ដោយសារចំណុចកើតហេតុ ជាចំណុច ការដ្ឋាន កំពុងដាក់លូ ផ្លូវមួយចំហៀងត្រូវបានបិទ គេដាក់រនាំងដែក ពុះចែកគន្លងផ្លូវជា២ សម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ។ រថយន្តបានបើក មកគន្លងម្ខាង របស់ម៉ូតូជនរងគ្រោះ បុកម៉ូតូជនរងគ្រោះ ពេញទំហឹងតែម្តងបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបាននាំ អ្នកបើករថយន្តបង្កដោយមានភាពស្រវឹង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីប្រគល់ឲ្យមជំនាញចាត់ការបន្ត តាមនីតិវិធី ៕
មតិយោបល់