ភំ្នពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលបានប្រើហិង្សាដោយចេតនា ទៅលើ យុវជនម្នាក់ទៀត ដោយចោទប្រកាន់ថា ចោរលួចទ្រព្យសម្បត្តិហើយនាំគ្នាចាប់ព្រួតគ្នាវាយ ដែល បណ្តាញសង្គមថតផុសប៉ុន្មានថ្ងៃមុននោះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី កម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ស្រាវជ្រាវឃាត់ខ្លួនបានហើយ ។ ចំណែកម្នាក់ទៀតដែលប្រើហិង្សាដែរ បានរត់គេច ខ្លួនបាត់ ។
ជនសង្ស័យឈ្មោះ ជា សុផាត ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មេការផ្ទះជួល (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ មិញ ស៊ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានទទួល ព័ត៌មានតាមវិទ្យុទាក់ទងពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យថា មានប្រជា ពលរដ្ឋចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានចុះមកចំណុចកើតហេតុ ឃើញប្រជា ពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មិញ ស៊ូ ភេទប្រុស អាយុ២១ឆ្នាំ ដែលត្រូវចោទប្រកាន់ថា បានប៉ុនប៉ងលួចទ្រព្យ សម្បត្តិ នៅផ្ទះរបស់ឈ្មោះ យ៉ាន ស៊ីក្រិច ភេទ ស្រី អាយុ២៣ឆ្នាំ ក៏បាននាំអ្នកទាំងពីរនាក់នេះមកសាកសួរនៅស្នាក់ការ នគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ពេលនោះឈ្មោះ យ៉ាន ស៊ីក្រិច បានអះអាងថា ឈ្មោះ មិញ ស៊ូ មិនទាន់បានលួចទ្រព្យសម្បត្តិនៅផ្ទះ របស់គាត់ទេ គ្រាន់តែដើរចូលមកដោយគ្មានការអនុញ្ញាត ទើបប្រជាពលរដ្ឋផ្អើលឆោឡោយល់ច្រឡំថា ជាចោរ និង ធ្វើលិខិត សំណូមពរឲ្យសមត្ថកិច្ច អប់រំឈ្មោះ មិញ ស៊ូ ក្នុងពេលនោះសមត្ថកិច្ច បានស្រាវជ្រាវរកពុំឃើញមាន តម្រុយថាឈ្មោះ មិញ ស៊ូ ប្រព្រឹត្តបទល្មើសលួចទ្រព្យសម្បត្តិ ក៏បានស្នើសុំគោលការណ៍ថ្នាក់លើឲ្យក្រុមគ្រួសារមកធានាយកឈ្មោះ មិញ ស៊ូ ទៅ លំនៅដ្ឋានវិញ ។
លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចែករំលែករូបភាពវីដេអូសកម្មភាព ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ ជា សុផាត ហៅ វីត ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេការផ្ទះជួល (នៅចំណុច កើតហេតុ) បានព្រួតគ្នាវាយទាត់ធាក់ទៅលើឈ្មោះ មិញ ស៊ូ (ដែលត្រូវចោទប្រកាន់ថា ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ) បណ្តាល ឲ្យរបួសបែកបបូរមាត់ ទើបនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះ ជា សុផាត ហៅ វីត នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ យកមកសាកសួរចាត់ការតាមនីតិវិធី ។ ចំណែកប្រជាពលរដ្ឋជាច្រើននាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) បានគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ជា សុផាត ហៅ វីត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ តាមនីតិវិធី ៕
មតិយោបល់