ភ្នំពេញៈ គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀងដែលបានល្បីឈ្មោះដោយសារតែកម្មវិធី Cambodian idol លោកម៉ៅ ហាជី បានដាច់ស្រេចជាមួយភរិយាមិនបានរៀបការជាអ្នកចម្រៀងអកកេសរួមដំបូលកាលពីប៉ុន្មានខែមុន រហូតធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីលោកក៏ផ្ទុះរឿងចម្រូងចម្រាស់ជាមួយហង្សមាសផងដែរ។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថា ក្រោយការពើបប្រទះនូវរឿងអាស្រូវៗបោកបក់នេះ គឺមិនបានឲ្យលោកធ្លាក់កូដនោះទេ។ ផ្ទុយទៅវិញក្រៅពីមានទីផ្សារឡើងឆាកក្នុងស្រុកមិនសូវលោះពេល ក៏ត្រូវបានសមាគមខ្មែរនៅអាមេរិកប្រកាសធានាឲ្យចេញច្រៀងឡើងកាលីបផងដែរ។
លោកករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្មថោនបានអះអាងថា នៅ អំឡុងដើមខែ១០ខាងមុខនេះ លោក និងតារាចម្រៀងលោកម៉ៅ ហាជី នឹងត្រូវសមាគមខ្មែរនៅក្នុងសហរដ្ឋអាមេរិកធានាឲ្យច្រៀងនៅទីនោះរួមគ្នារយៈពេល២ខែ។ លោកថាលោក និងលោក ម៉ៅ ហាជី ត្រូវបានរៀបចំឯកសាររត់ការទៅកាន់ស្ថានទូតរួចរាល់អស់ហើយ ដោយសារការប្រមូលឯកសារពាក់ព័ន្ធនឹងអាជីពចម្រៀងរបស់ពួកខ្លួនក៏បានរៀបរយអស់ដែរ ដោយនៅរង់ចាំតែការចូលសម្ភាសន៍ដើម្បីឲ្យច្បាស់នៅពេលខាងមុខប៉ុណ្ណោះ។ លោកនិយាយថា«ពួកខ្ញុំទៅច្រៀងនៅអាមេរិក២ខែ ហើយបើអត់បញ្ហាទេ គឺអត់មានអីទេ ដោយសារតែខាងសមាគមគាត់ជាអ្នករត់ច្បាប់!»។ លោកថាក្រៅពីលោក និងលោកម៉ៅ ហាជី ក៏មានតារាចម្រៀងផ្សេងទៀតផងដែរ ទើបលោករំពឹងថាការចេញទៅច្រៀងនៅអាមេរិករបស់ខ្លួនលើកនេះជោគជ័យ។
ជាមួយនឹងការទម្លាយនេះ គឺមានន័យថាលោកម៉ៅ ហាជី មិនអន់នោះទេ ដោយសារតែលោកក្រោយផ្ទុះព័ត៌មានលែងប្រពន្ធក្រោយពេលឡើងកូដ ក៏បន្តបានឡើងកូដទៀត ដោយអាចទាំងកញ្ឆក់ទីផ្សារនៅអាមេរិកឲ្យធានាយកទៅច្រៀង ក្នុងពេលដែលតារាចម្រៀងភាគច្រើនអត់មានឱកាស៕
មតិយោបល់