ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកផ្លែឈើ១គ្រឿង បើកបុកត្រាក់ទ័រពីក្រោយ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ចោលកូនតូច

សៀមរាប: ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទី រំលងអធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងត្រាក់ទ័រ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ចោលកូនតូច នៅចំណុចផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ ៣៣៤-៣៣៥ ស្ថិតក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 2R-6702 ដឹកផ្កែឈើបើកបរដោយឈ្មោះ សេង ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរស្នាក់នៅ ភូមិបុស្សចេក ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកពីលិចទៅកើត អ្នករួមដំណើររឈ្មោះ សូនី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានក្មេងតូចម្នាក់ឈ្មោះ សេង វិចិត្ត ភេទប្រុស អាយុ២ឆ្នាំ មុខរបរត្រូវជាកូនក្នុងបន្ទុក រស់នៅភូមិ-ឃុំជាមួយគ្នា ។ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកត្រាក់ទ័រពីក្រោយ ដែលបើកស្របទិសគ្នា មិនស្គាល់ម៉ាកនឹងមិនស្គាល់អ្នកបើកបរ បណ្តាលឲ្យជនរងគ្រោះឈ្មោះ សូនីស្លាប់ ចំណែកអ្នកបើកបររថយន្ត និងកូនរបួសស្រាល ។ រថយន្តរងការខូចខាតធ្ងន់ ឯត្រាក់ទ័របានគេចខ្លួន ក្រោយពេលកើតហេតុ កម្លាំងជំនាញកំពុងតាមស្វែងរក ។

មូលហេតុ៖ រថយន្តបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន រីឯរ៉ឺម៉កត្រាក់ទ័រគ្មានភ្លើងសញ្ញា ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងដល់កន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាង ពាក់ព័ន្ធយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក អនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់