កំពង់ធំៈ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងខកបំណងយ៉ាងខ្លាំង ខណៈពេលដែលមន្រ្តីបរិស្ថានការពារព្រៃឡង់ បាននាំគ្នាចាប់ឈើរបស់ពួកគាត់ ហើយបែរជាឃុបឃិតគ្នាជាមួយឈ្មួញឈើដុះស្លែរ ដែលបានប៉ាយផ្តាច់ស្រុកសណ្តាន់ប្រចាំឃុំទំរីងដឹកឈើយកទៅ លក់តាមដេប៉ូឈើយ៉ាងរំភើយ ហើយក៏ត្រូវបានព្រមានពីសំណាក់មេព្រៃចំនួន ២លើកមមកដែរ តែមានអន្តរាគមន៍ពីអ្នកធំនៅពីក្រោយខ្នងកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៦ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការដាក់មន្រ្តីបរិស្ថាន ដើម្បីការពារព្រៃឡង់ ប្រៀបបាននឹងកណ្តុរធ្លាក់ចូលក្នុងជង្រុកស្រូវ ដោយសារតែមានមន្រ្តីបរិស្ថានបានកាក់កាឡេថងដឹកឈើរបស់អ្នកភូមិ ហើយបង្គាប់ឲ្យបង់លុយក្នុងមួយគ្រឿង១៥ម៉ឺនរៀល ការកំណត់ឲ្យបង់លុយសម្រាប់បែងចែកគ្នាដាក់ហោប៉ៅនេះ បានធ្វើឲ្យឈ្មួញឈើមួយចំនួនត្រូវបានផ្អាក ហើយអ្នកខ្លះដាច់អង្ករច្រកឆ្នាំង ដោយសារតែមានកុងត្រូលជជុះចាំកាក់ យកលុយតាមកាឡេថង និងរថយន្ត មិនតិចជាង ២០កន្លែង។ ប្រភពត្រូវបានបន្តថា ដោយឡែកកាលពីពេលថ្មីៗនេះ សកម្មភាពដឹកឈើរបស់មន្រ្តីបរិស្ថាន បានយកឈើដែលចាប់បានពីប្រជាពលរដ្ឋ ដឹកចូលដេប៉ូឈើដើម្បីលក់ទៅវិញ។
តាមការឲ្យដឹងពីលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានឲ្យអ្នកសារព័ត៌មានដឹងថា ការដឹកឈើរបស់មន្រ្តីបរិស្ថានគឺត្រូវបានដឹកចំនួន៤លើកមកហើយ ក្នុងនោះលោកបានធ្វើការអប់រំមិនឲ្យដឹកលើដូចនេះទេ ដោយសារតែសុំដឹកតែ៦ម៉ែត្រគូប តែដល់ពេលដឹកបែរជាដាក់ឈើប្រភេទលេខ២ ដល់ទៅ១៥ម៉ែត្រគូប ៧ផ្លានទៅវិញ តាមរយៈរថយន្តរបស់ឈ្មួញឈើដ៏ល្បីល្បាញម្នាក់ក្នុងឃុំទំរីង តែលោកក៏មិនអនុញ្ញាតិឲ្យមានការដឹកជញ្ជូនដោយខុសច្បាប់អញ្ចឹងទៀតទេ ។
លោក តុប កក្កដា ប្រធានមន្ទីបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថាតាមទូរស័ព្ទថា ឈើទាំងអស់នេះ ត្រូវបានដឹកយកមករក្សាទុកនៅមន្ទីបរិស្ថានខេត្តកំពង់ធំ ហើយមានដីកាដកហូតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយបានចេញលិខិតឲ្យដេញថ្លៃលក់ឡៃឡុង ដោយបែកចែកឲ្យរដ្ឋ៥០ភាគរយ និងកម្លាំងមន្ទីរបរិស្ថាន៥០ភាគរយ ហើយលោកបានណែនាំមិនឲ្យមន្រ្តីរបស់លោកពាក់ព័ន្ឋនឹងការយកលុយ និងដឹកឈើទៅលក់ដោយចង់បានចំណេញ១០០ភាគរយនោះទេ ចំណែកព័ត៌មានដែលលេចលឺថាមានការដឹកឈើដែលចាប់បាន យកមកលក់តាមដេប៉ូឈើនោះ គឺដោយសារតែមានដេប៉ូឈើខ្លះច្រណែនដោយមិន បានសិទ្ធទទួលទិញ។
តែទោះជាមានការបកស្រាយយ៉ាងនេះក៏ដោយ ក៏ប្រជាពលរដ្ឋក៏បានសំណូមពរ ឲ្យមន្រ្តីបរិស្ថានការពារព្រៃ ឡង់សូមមេត្តាកុំផ្កាប់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋក្រីក្រអី សូមឲ្យបន្ធូរបន្ថយបន្ថយបន្តិច ដើម្បីឲ្យប្រជាពលរដ្ឋ មានដង្ហើមដកខ្លះ ព្រោះប្រជាពលរដ្ឋទាំងនេះកើតមកនឹងព្រៃឈើ រស់នឹងព្រៃឈើ ស្លាប់ក៏នឹងព្រៃឈើតាំងពីដូនតាមកម្លេះ៕
មតិយោបល់