ព័ត៌មានជាតិ

ប្តីប្រពន្ធជិះម៉ូតូ ZOOMER X មួយគ្រឿងឌុបគ្នា ជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ស្រាលទាំង២នាក់

កណ្តាល: នៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូនិងម៉ូតូបុកគ្នា តាមដងផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ស្រាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក HONDA ZOOMER X ពណ៌ស-ក្រហម ពាក់ផ្លាកលេខកណ្តាល 1AE-9476 បើកបរដោយឈ្មោះ ហេង វ៉ាន់ឌី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរកសិករ មានអ្នករួមដំណើរម្នាក់ឈ្មោះ វរ័ សៀងឡេង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំជាមួយ ត្រូវជាប្រពន្ធ ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងទៀត មិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅស្របគ្នា បណ្តាលឲ្យម៉ូតូម៉ាក HONDA ZOOMER X ដួលនៅកន្លែងកើតហេតុ រងរបួសធ្ងន់ស្រាលទាំងពីរនាក់ ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ ចំណែមធ្យោបាយធ្វើដំណើរ បានរងការខូចខាតស្រាល ត្រូវសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ តាមនីតិវិធីផ្លូវច្បាប់ ។

ដោយឡែកម៉ូតូមួយគ្រឿងទៀត ដែលមិនស្គាល់អត្តសញ្ញាញ បានបើកគេចខ្លួនបាត់ស្រមោល នៅមុនពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ។

តាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនរងគ្រោះបើកបរម៉ូតូម៉ាក ZOOMER-X ធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន មិនបានមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕

មតិយោបល់