ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកលក់ និងកម្មករដឹកហ្គាស ២នាក់ ពាក់ព័ន្ធករណីឆក់កាបូប ស្ត្រីជនបរទេស

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីឆក់ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការទំនាក់ទំនង និងផ្តល់ព័ត៌មានបន្តភ្លាមដល់ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចុះដល់ទីតាំងជួបជនរង និងស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើស លួចមានស្ថានទំងន់ទោស (ឆក់កាបូប) ពីស្រ្តីជនជាតិបរទេសម្នាក់ដែលកំពុងដើរនៅចំណុច៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១២:៥១នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងឆក់កាបូបមិនបានសម្រេចពីបុរសម្នាក់កំពុងដើរនៅចំណុចផ្លូវ១២៣ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១៧ និង០៣នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ។

ជនសង្ស័យឃាត់ខ្លួន ៖
១-ឈ្មោះ ធុង សៅនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ហ្គាស ។
២-ឈ្មោះ រិត រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករដឹកហ្គាស ។
ជនសង្ស័យទាំងពីរនាក់ស្នាក់នៅផ្ទះជួលលេខ៩៥ ផ្លូវ៦៤១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាក ZOOMER ពណ៌ស ស្លាកលេខ ភ្នំពេញ1IF7281 លេខតួ-ម៉ាស៊ីន 5111116 (ម៉ូតូជិះធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកំពុងឃុំខ្លួន និងសាកសួរបន្ត ដើម្បីក៏សាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់