ព័ត៌មានជាតិ

​ការបោះឆ្នោត​ជា​ថ្មី​នៅ​ថៃ​មិនទាន់​អាច់​កំណត់​ពេលវេលា​ច្បាស់លាស់​

​វិបត្តិ​នយោបាយ​ថាំ​មិនទាន់​អាច​រក​ច្រកចេញ​ឃើញ​នៅ​ឡើង​ហើយ​នៅ​ថ្ងៃ​ទី​២២​មេសា​បណ្ដា​គណបក្ស​នយោបាយ​ថៃ​ត្រូវ​ជួបប្រជុំ គ្នា​ដើម្បី​និយាយ​ពី​ការបោះឆ្នោត​ថ្មី ក្រោយ​បាតុកម្ម​ជា​ច្រើន​ខែ ជួនកាល​ប្រកបដោយ​ការ​បង្ហូរឈាម​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ដ្រី​ចាំផ្ទះ លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ចាក​ចេញពី​តំណែង ។

ចាប់តាំងពី​ការរំលាយ​សភា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៣​មក រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ គ្រាន់តែ​អាច​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ ។ ចំណែក​ការបោះឆ្នោត​សភា​ថ្ងៃ​ទី​២ កុម្ភៈ ត្រុវ​តុលាការលុប​ចោលសុព​ល​ភាព​ដោយ​លើក​ហេតុផល​ពី​ការ​រាំងខ្ទប់​របស់​ពួក បាតុករ​ដែល​ចោទប្រកាន់​លោកស្រី​យី​ង​ឡាក់ ថា​ជា​អាយ៉ង​របស់​បងប្រុស​លោ​ក​ស្រី​គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។​

​វិបត្ដិ​បច្ចុប្បន្ន​នៅ​ថៃ ដែល​មាន​ការវាយប្រហា​រ​ដោយ​គ្រាប់បែកដៃ និង​ការបាញ់ប្រហារ​នានា​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​២៥​នាក់ ចាប់តាំងពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លងមក ។ គណៈកម្មាធិការ​បោះឆ្នោត​បាន​កោះ​ធ្វើ​នា​ថ្ងៃ​ទី​២២ មេសា នូវ​កិច្ចប្រជុំ​មួយ​ដើម្បី​និយាយ​ពី​កាលបរិច្ឆេទ​ថ្មី​មួយ​នៃ​ការបោះឆ្នោត ។ គណបក្ស​ប្រជាធិបតេយ្យ​ជា​គណបក្សប្រឆាំង​សំខាន់​ហើយ​ធ្វើ​ពហិការ​ចំពោះ ការបោះឆ្នោត​មុននេះ​ក៏​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ ។ ប៉ុន្ដែ​មុន​កិច្ចប្រជុំ គណបក្ស​ភឿ​ថៃ ដែល​កាន់​អំណាច​បាន​បរិហារ​ចំពោះ​ការ​រួមគំនិត​គ្នា​មួយ​ដើម្បី​ប្រឆាំង​នឹង​ការ បោះឆ្នោត​ថ្មី ។ ក្នុង​សេចក្ដីប្រកាស​មួយ គណបក្ស​នោះ​និយាយថា ក្រុម​មនុស្ស​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ពុំ​ចង់បាន​លទ្ធិ​ប្រជា ធិបតេយ្យ​ឡើយ រួច​ប៉ុនប៉ង​បង្កើត​ភាព​ប្រឡោះ​ប្រហោង​ខាង​នយោបាយ​ដើម្បី​លើក​បន្ដុប​មេដឹកនាំ ពួក​គេ​ដោយ​ពុំ​ចាំបាច់​មាន​ការបោះឆ្នោត​។​

​យោង​តាម​គណបក្ស​នេះ​ថា រដ្ឋធម្មនុញ្ញ​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ថ្មី រយៈពេល​ពី​៤៥​ទៅ​៦០​ថ្ងៃ ក្រោយ​ការលុបចោល​សុពលភាព​ការបោះឆ្នោត​មុន ដោយ​តុលាការ​ធម្មនុញ្ញ​កាលពី​ថ្ងៃ​ទី​២៧ មីនា ។ លោកស្រី​យី​ង​ឡាក់ ដែល​ទទួលបាន​ជ័យជម្នះ​ធំធេង​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១១ នោះ​អាច​ត្រូវ​ដកចេញ​ពី​តំណែង​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ​តាម នីតិវិធី​២ ។ ម្យ៉ាង​លោកស្រី​ទទួល​ការចោទប្រកាន់​ពី​តុលាការ​ធម្មនុញ្ញ​ថា ផ្ទេរតំណែង​មន្ដ្រី​ជាន់ខ្ពស់​ម្នាក់​ដោយ​ពុំ​សមស្រប ហើយ​ម្យ៉ាងទៀត លោក​ស្រី​ត្រូវ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ចោទ​ពី​បទ​ធ្វេសប្រហែស ក្នុង​ក្របខណ្ឌ នៃ​កម្មវិធី​ជួយ​ដល់​កសិករ​ដ៏​ចម្រូងចម្រាស់​មួយ ។​

​ទោះបីជា​យ៉ាងណា ពួក​អ្នកគាំទ្រ​លោកស្រី​យល់ថា ទាំងនោះ​ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​តាមបែប​តុលាការ​មួយ ខណៈ​ដែល​តុលាការ​ថៃ​ធ្លាប់​ទម្លាក់​រដ្ឋាភិបាល​ស្និទ្ធ​លោក ថាក់ស៊ីន ចំនួន​២​ហើយ​កាលពី​ឆ្នាំ​២០០៨ ។

ពួក​អាវ​ក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​គំរាម​លើក​គ្នា​ធ្វើ​បាតុកម្ម ដើម្បី​ការពារ​លោកស្រី​យី​ង​ឡាក់ ។ លើក​នេះ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោក អាប់​ភី​ស៊ីត វេចា​ជីវ៉ា ឱ្យដឹងថា ការសម្របសម្រួល​មួយ​អាច​គ្រោង​ធ្វើ​ដោយ​ហៅ​កិច្ចប្រជុំ​លើក​នេះ​ថា ជា​ឱកាស​សំខាន់​បំផុត​ដើម្បី​ផាត់​ទុក​ផលប្រយោជន៍​គណបក្ស​មួយ​ឡែក​សិន ហើយ​ងាក​មក​គិត​ដល់​ផលប្រយោជន៍​ប្រទេស​វិញ ៕
thai

មតិយោបល់