ព័ត៌មានជាតិ

សង្ស័យសតិមិនល្អ បុរសម្នាក់ជិះម៉ូតូបុករថយន្តស៊េរីទំនើប១គ្រឿង ហើយនិយាយត្រឡប់ត្រឡិន បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញៈ បុរសម្នាក់សង្ស័យមានសតិមិនសូវល្អ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ជ្រុលទៅបុករថយន្តម៉ាសស្ដារ មួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រងរបួសស្រាល រួចនិយាយត្រឡប់ត្រឡិន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៧ម៉ែត្រ ជាប់របងវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខតាកែវ 1R-7762 ធ្វើដំណើរទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក masda មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ-0977 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា បុកបញ្ឆិតចំហៀងរថយន្តផ្នែកខាងឆ្វេង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះស្រាប់តែម្ចាស់ម៉ូតូបាននិយាយត្រឡប់ត្រឡិន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនជាពលរដ្ឋ ដូចជាអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះទៅធ្វើការឡាយផ្ទាល់ភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បាននាំម្ចាស់ម៉ូតូទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចមចៅទី១ ដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

មតិយោបល់