ព័ត៌មានជាតិ

កុងតឺន័រ១គ្រឿង​ បើកបុករង្វង់មូលរូបក្រពើ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ស្វាយរៀង: នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង២៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល រថយន្តកុងតឺន័រ១គ្រឿង បើកបុករង្វង់មូលរូបក្រពើ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបានបុករង្វង់មូលរូបក្រពើ បណ្តាលឲ្យរងការខូចខាតគ្រឹះ និងរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅទល់មុខសាលាស្រុកកំពង់រោទិ៍ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុវាស់វែង យកវត្ថុតាងខាងលើ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយគ្នា ជាមួយសមត្ថកិច្ច នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តកុងតឺន័រ១គ្រឿងខាងលើនេះ មិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះឡើយ គ្រាន់តែរងការខូចខាត គ្រឹះរូបសំណាកក្រពើ ដែលជាទ្រព្យសម្បត្តិរបស់សាធារណ: និងរថយន្តខ្ទេចផ្នែកខាងមុខតែប៉ុណ្ណោះ ៕

មតិយោបល់