នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចេញសេចក្តីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ រីករាលដាលក្នុងកងយោធពលខេមរភូមិន្ទ
ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំនៅរាជធានី
ភ្នំពេញនិងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពល
ខេមរភូមិន្ទនាពេលថ្មីៗនេះ បើទោះបីជាក្រសួងការពារជាតិបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ
បានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្តី។ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ
កូវីដ-១៩ ក្នុងជួរកងទ័ព អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព
ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចខាងក្រោម៖
១- បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ជាពិសេសវិធានការ ការពារ ៣កុំ របស់
រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
២- ផ្សព្វផ្សាយដល់យោធិនចំណុះ ឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យ
ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង
ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
៣- ត្រួតពិនិត្យទីតាំងចត្តាឡីស័កនៅក្នុងអង្គភាពរៀងៗខ្លួន ដែលបានរៀបចំកន្លងមកសម្រាប់ធ្វើ
ចត្តាឡីស័ក ក្នុងករណីដែលយោធិននៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។
៤- បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល
និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ញា។
ទទួលបាននូវសេចក្តីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ
អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវអនុវត្តក្នុងស្មារតីទទួលខុសត្រូវនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។
មតិយោបល់