តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានឲ្យដឹងថា នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដមឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ផាន ផល អធិការនៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានដឹកនាំកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបូរីជលសារ បានចុះល្បាតមូលដ្ឋានស្រុកបូរីជលសារ បានឃាត់រថយន្តមួយគ្រឿងម៉ាក ស៊ីណា ពណ៌ស ពាក់ផ្លាកលេខតាកែវ 2B:7875 ដែលជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់ មកកម្ពុជា មានមនុស្សសរុបចំនួន០៦នាក់ ស្រី០នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន០៣នាក់ (មិនស្គាល់អត្តសញ្ញាណ ដោយមិនមានអ្នកបកប្រែ) ។
ដោយឡែកជនជាតិខ្មែរមានចំនួន០៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ឈ្មោះ អម អាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមេខ្យល់នាំផ្លូវចំនួន០២នាក់ ទី១-ឈ្មោះ សុខ រ៉ាវុធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ និងទី២-ឈ្មោះ ភូហេង សេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ឃាត់ខ្លួនបាននៅចំណុចភូមិស្នាចដួច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ៕

មតិយោបល់