ត្បូងឃ្មុំៈ នៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានករណីបុរសវ័យ៤៣ឆ្នាំម្នាក់ មានវិបត្តិក្នុងគ្រួសារ សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ដោយយកខ្សែនីឡុងពណ៌ខ្មៅ ចងភ្ជាប់នឹងមែកស្វាយមួយដើម មានកំពស់៣,២ម៉ែត្រ បណ្ដាលឱ្យបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ នៅត្រង់ចំណុចដើមស្វាយ ក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជីរោទ៍លើ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពជនរងគ្រោះឈ្មោះ រស់ វិនាត អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ដោយបានបន្សល់ទុកលិខិត០១ ច្បាប់សរសេរថា (ប៉ាលាហើយកូនទាំងពីរ នៅអោយបានសុខចុះ ព្រោះប៉ាមិនល្អ ប៉ាអាក្រក់ណាស់កូនស្រី…) ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ បានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទ៍ទី១ និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវលើសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ព្រោះមូលហេតុ ធ្វើអត្តឃាតចងកប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។
សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់