ព័ត៌មានជាតិ

Update៖ សង្ស័យដុតសំរាមនៅក្បែរបន្ទប់ ដាក់សម្ភារៈម៉ាស៊ីនត្រជាក់ បណ្តាលឲ្យឆេះរាលដាលអស់៣បន្ទប់

ភ្នំពេញៈ ករណីអគ្គិភ័យមួយបានឆាបឆេះបន្ទប់ សម្រាប់ដាក់សម្ភារៈម៉ាស៊ីនត្រជាក់ ចំនួន៣បន្ទប់ទាំងស្រុង បង្កឡើងដោយសារ ការដុតសំរាមក្បែរនោះ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅឃ្លាំងមួយកន្លែង ស្ថិតតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទប់ខាងលើត្រូវបានថៅកែសាងសង់ចំនួន៤បន្ទប់ជាប់ៗគ្នា សម្រាប់ស្នាក់នៅបណ្តោះអាសន្ន បន្ទាប់មកក៏យកបន្ទប់ទាំងនោះដាក់សម្ភារៈវិញ ។

ប្រភពដដែលបានបន្តថា លុះមកដល់វេលាកើតហេតុ មិនដឹងថា អ្នកណាបានដុតសំរាមនៅក្បែរបន្ទប់នោះ ធ្វើឲ្យរាលដាលឆេះដល់បន្ទប់ដាក់សម្ភារៈយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះអន្តាគមន៍ភ្លាមៗ ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង រថយន្តសាលាខណ្ឌពោធិ៍សែនជ័យ ទើបគ្រប់គ្រងបាន ចំណែកសម្ភារៈនិងបន្ទប់ចំនួន៣បន្ទប់ ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងតែម្តង សំណាងមិនមានមនុស្សរងរបួសនោះទេ ៕

មតិយោបល់