ព័ត៌មានជាតិ

សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ករណីរថយន្តដឹកឥដ្ឋបុកម៉ូតូអូសជាង៣០ម៉ែត្រ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ដដឹកឥដ្ឋបុកម៉ូតូហុងដាវ៉េវ បណ្ដាលឲ្យអូសជាង៣០ម៉ែត្រ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FX 2742 ធ្វើដំណើរក្នុងទិសដៅ ពីជើងមកត្បូង លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកឥដ្ឋធុនធំ១គ្រឿង ពាក់ផ្លាកលេខកណ្ដាល 3A 0966 បើកមកពីក្រោយបុកម៉ូតូ បណ្ដាលឲ្យដួលអូសម៉ូតូ ជាង៣០ម៉ែត្រទើបរថយន្តឈប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ នឹងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កព្រមសងសំណង ថ្លៃជួសជុលម៉ូតូ ដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

មតិយោបល់