ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកគោដើរឆ្លងផ្លូវ ដួលខ្ទាតចូលរថយន្តកិនស្លាប់២នាក់ របួសធ្ងន់ម្នាក់

ត្បូងឃ្មុំ: ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៧ និង០០នាទី នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូបុកគោ១ក្បាលកំពុងដើរឆ្លងផ្លូវថ្នល់ បណ្តាលឲ្យដួលខ្ទាតចូលរថយន្តកិនស្លាប់ និងរងរបួសធ្ងន់មនុស្ស៣នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ឌុម ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ បានបុកសត្វគោ១ក្បាលកំពុងដើរឆ្លងកាត់ផ្លូវថ្នល់បណ្តាលឲ្យដួល ខ្ទាតមនុស្សពីរនាក់ ជិះពីក្រោយចូលរថយន្តធំ មិនស្គាល់ម៉ាកកិនស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ។

ជនរងគ្រោះទី១-ឈ្មោះ យីម.នាន ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាម្តាយក្មេកឌុងម៉ៅ), ទី២-ឈ្មោះ ភ្នួក ភ្នង អាយុ១៣ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នា (ស្លាប់ត្រូវជាចៅរបស់សពឈ្មោះខាងលើ) ។ ចំណែកឈ្មោះ ឌុង ម៉ៅ បានរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុរួច រថយន្តបើកបរគេចខ្លួនទៅទិសខាងកើតបាត់ ។ ជនរងគ្រោះបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

មូលហេតុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីសត្វគោដើរឆ្លងផ្លូវថ្នល់ និងអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល ជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន តាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះ ទាំងពីរនាក់ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់