ព័ត៌មានជាតិ

រថយន្ត២គ្រឿងខ្ទេចទាំងសងខាងបន្ទាប់ពីបុកគ្នាពេញទំហឹងនៅស្រុកប្រាសាទបាគង

សៀមរាប:​យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥នាទីមានកណីគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចន្លោះបង្គោលគីឡូលេខ២៩២-៩៩៣ ភូមិ អន្លង់ពី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្ដនិង រថយន្ដ ច្រាស់ទិសគ្នា ។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដមួយគ្រឿងម៉ាក ព្រួស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-7638 បើកបរដោយឈ្មោះ ហេង ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប ក្នុងទិសដៅពីកើតទិសលិចបានបុកនឹងរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-8781 និងសណ្ដោងរ៉ឺម៉កពាក់ផ្លាកលេខកំពង់ចាម 4A-1404 បើកបរដោយ ឈ្មោះ ភា សំណាង ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្ដកំពង់ចាម បើកបរមានទិសដៅពីលិចទៅកើត។

លោកអធិការបានបញ្ជាក់បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តព្រុសមិនប្រកាន់ស្តាំ ហើយជ្រុលទៅបុករថយន្តធំ ហើយបណ្ដាលឲ្យរបួសអ្នកបើកបររថយន្ដព្រួស ០១នាក់ (ស្រាល) និងខូចខាតរថយន្ដ ០២គ្រឿង (ធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីអនុវត្តនីតិវិធីបន្ត ៕

 

 

 

មតិយោបល់