ភ្នំពេញៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននឹងដើមអំពិលទឹកមួយដើម នៅដីវាល ដោយមានរថយន្តម៉ាកវីស្តូ មួយគ្រឿងចតនៅក្បែរសាកសពជនរងគ្រោះនោះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និងនាទី១៥នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតាមមហាវីថី ឈ្នះ ឈ្នះ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពជនរងគ្រោះ ពុំស្គាល់នូវអត្តសញ្ញាណនោះឡើយ មានអាយុប្រហែលជាង៣០ឆ្នាំ បានយកខ្សែនីឡុងចងកភ្ជាប់ទៅនឹងដើម អំពិលទឹក នៅក្នុងដីវាលចំងាយប្រហែលជិត១០០ម៉ែត្រ ពីមហាវិថី ឈ្នះ ឈ្នះ ។ នៅក្បែរសាកសពប្រហែល៥០ម៉ែត្រ ប្រទះឃើញ រថយន្តម៉ាកវិស្តូ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ២AS-៦១៥០ មួយគ្រឿង ដែលសង្ស័យថា ជារថយន្តរបស់ជនរងគ្រោះដែលឈប់ចតចោល ។
តាមសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា នៅព្រឹកកើតហេតុខាងលើនោះ មានអ្នកដំណើរម្នាក់បានចូលទៅបត់ជើង ក្នុងដីវាលត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញបុរសរងគ្រោះ ចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ដោយពុំដឹងថា ចងកសម្លាប់ខ្លួន តាំងពីពេលណានោះទេ ។ បន្ទាប់ពីប្រទះឃើញសពក៏បានប្រាប់ប្រជាពលរដ្ឋ ក្បែរនោះ ទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទើបបង្កអោយមានការភ្ញាក់ផ្អើល ។
តាមព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា នៅព្រឹកកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យ ព្រមទាំងទាក់ទងក្រុមគ្រូពេទ្យ ចុះទៅធ្វើតេស្ត ពុំមានវិជ្ជមានកូវីដ ១៩នោះឡើយ ។
ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះ មានវិបត្តិអ្វីនោះឡើយ ។ តាមការត្រួតពិនិត្យ សមត្ថកិច្ចបានអោយដឹងថា សពបុរសរូបនោះប្រើប្រាស់សារធាតុញៀន ។
តាមការត្រូតពិនិត្យ សពពិតជាចងកសម្លាប់ខ្លួន ដោយខ្លួនឯង ។ សាកសពពុំស្គាល់នូវអត្តសញ្ញាណនោះឡើយ ត្រូវបាននគរបាលដឹកយកទៅកាន់ឈាបនដ្ឋានវត្តបាក់ខែង ។ ចំណែកឯរថយន្តយកទៅរក្សាទុក នៅស្នាក់ការប៉ុស្តិ៍បាក់ខែង ដើម្បីស្រាវជ្រាវរកសាច់ញាតិសាកសពជនរងគ្រោះ ៕
មតិយោបល់