ភ្នំពេញៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១នេះ ក្រុមគ្រួសារយុវតី ដែលបានស្លាប់ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានមកទទួលធាតុកូនស្រីរបស់ពួកគាត់ហើយ គឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
យុវតីដែលបានស្លាប់ ដោយសារជំងឺកូវីដខាងលើ ឈ្មោះ ភិន ស្រីណូ ហៅ សុដាលីន ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះ ភិន ទិត អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើតភូមិម្លង់សាទ្បី ឃុំកំពង់ម៉ា ស្រុកកំពង់ម៉ា ខេត្តព្រៃវែង និងម្ដាយឈ្មោះ ខេប គីមស៊ាន អាយុ ៤២ ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នអ្នកទាំងបី ស្នាក់នៅភូមិលំជ័រ ឃុំកាតែ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី។
តាមការបញ្ជាក់ពីខាងក្រុមគ្រួសារយុវតីខាងលើ បានឲ្យដឹងថា ធាតុកូនស្រីរបស់គាត់ នឹងត្រូវនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតនាថ្ងៃស្អែក។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ យុវតីខាងលើ ត្រូវបានឪពុកម្ដាយ បញ្ជូនពីខេត្តរតនគិរីទៅភ្នំពេញ មកកាន់មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីសម្រាកព្យាបាលជំងឺ ក្នុងសភាពធ្ងន់ធ្ងរសង្គ្រោះបន្ទាន់ អស់រយៈពេល ១ខែ ដោយនាងមានជំងឺដូចជា រលាកស្រោមខួរក្បាល តម្រង់នោម និងទឹកនោមផ្អែម ប៉ុន្តែនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កូនរបស់គាត់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដោយបានឆ្លងពីអ្នកជំងឺ ដែលបានមកសម្រាលព្យាបាល នៅក្នុងមន្ទីរពេទ្យជាមួយគ្នា។
បន្ទាប់មកក៏ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យព្រះកេតុមាលា ខណៈដែលឪពុកម្ដាយរបស់យុវតី ត្រូវបានបញ្ជូនទៅធ្វើចតាទ្បីស័ក នៅមណ្ឌលសុខភាពព្រែកព្នៅ ។
ដោយសារបាត់ដំណឹងកូនស្រី មិនដឹងសុខទុក្ខយ៉ាងណានោះ ទើបបន្ទាប់ពីពួកគាត់ បានចេញពីធ្វើចតាទ្បីស័ក ក៏នាំគ្នាស្វែងកូនស្រី តាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ ព្រមទាំងបានប្រកាសស្វែងរកដំណឹងកូនស្រី តាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ហើយក្រោយមកក៏ទទួលបានដំណឹងអំពីកូនស្រីរបស់ពួកគាត់ ពីខាងមន្ទីរពេទ្យ បានបញ្ជាក់ថា នាងបានស្លាប់បាត់បង់ជីវិត ហើយដោយសារពុំឃើញមានសាច់ញាតិ ទាក់ទងសួរនាំ ឯសពមិនអាចទុកយូរបានទ្បើយ ខាងក្រុមគ្រូពេទ្យ ក៏សម្រេចយកទៅបូជានៅខេត្តកំពង់ស្ពឺ រួចយកធាតុមករក្សាទុកនៅមន្ទីរពេទ្យ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយទទួលដំណឹងនេះភ្លាម ក្រុមគ្រួសារសាច់ញាតិយុវតីខាងលើ បានទំនាក់ទំនងទៅកាន់គ្រូពេទ្យ ដើម្បីមកទទួលយកធាតុកូនស្រីរបស់ពួកគាត់ យកទៅធ្វើបុណ្យ ដោយអារម្មណ៍ស្ងាប់ចិត្ត ហើយក៏បានអរគុណចំពោះគ្រូពេទ្យ សម្រាប់ការផ្ដល់ដំណឹង និងរក្សាទុកធាតុកូនស្រីរបស់ពួកគាត់ផងដែរ៕
មតិយោបល់