ព័ត៌មានជាតិ

ស្រ្តីចំនួន០៣នាក់ បានស្លាប់ក្នុងថ្ងៃតែមួយ សង្ស័យករណីពុលស្រាស ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផ្សេងគ្នា

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មានករណីនារីចំនួន០៣នាក់ បានស្លាប់ក្នុងថ្ងៃតែមួយ សង្ស័យករណីពុលស្រាស ក្រោយពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យផ្សេងៗគ្នា តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះទាំង០៣នាក់ បានជុំគ្នាផឹកស្រាស នៅចំណុចផ្ទះ របស់ជនរងគ្រោះទី១. ឈ្មោះ ហេង សុខគា ភេទស្រី អាយុ៥៤ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០១និង៥១នាទីថ្ងៃ ។ ២- ឈ្មោះ ប៉ុល កាន ភេទស្រី អាយុ៣៩ឆ្នាំ ស្លាប់នៅមន្ទីពេទ្យស្រុកក្រគរ នៅវេលាម៉ោង ១១និង១០នាទីថ្ងៃ ។ ៣-ឈ្មោះ ហ៊ុល សុខជា ភេទស្រី អាយុ៣៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ០៣និង៣០នាទីថ្ងៃ ។ ជនរងគ្រោះទាំង០៣នាក់ រស់នៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកឧត្តសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីមន្ត្រីនគរបាលបច្ចេកទេសខេត្ត សហការជាមួយមន្ត្រីជំនាញបច្ចេកទេសស្រុក និងគ្រូពេទ្យជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានថា ជនរងគ្រោះទាំង០៣នាក់ អាចស្លាប់បណ្តាលមកពីហូបប៉ះនឹងអាហារដែលមានសារធាតុពុល ។

ចំពោះសពជនរងគ្រោះទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់