ភ្នំពេញៈ រថយន្តសាំយ៉ុងបើកវ៉ារថយន្តមួយគ្រឿងទៀត ក្នុងល្បឿនលឿនគេចទ្រូងផ្លូវទៅបុកប៉ាជេរ៉ូ ពីក្រោយខូចកំណាត់មុខយ៉ាងដំណំ នារីម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-3258 បើកដោយបុរសម្នាក់រួមដំណើរដោយនារីម្នាក់ជិះក្នុងកាប៊ីន។
រថយន្តរងគ្រោះម៉ាក ប៉ាជេរ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-9455 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរ បានបើកស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងដោយរថយន្តរងគ្រោះបើកពីខាងមុខ លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក បានវ៉ាឆ្វេងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកដោយខ្លាចឡើងខឿនសួនទ្រូវផ្លូវ ក៏គេចមកស្តាំដៃអកហ្សឺជ្រុលទៅបុករថយន្តប៉ាជេរ៉ូពីក្រោយពេញទំហឹង បណ្តាលឱ្យខូចខាតផ្នែកខាងក្រោយ ឯរថយន្តបង្កខូចខាតកំណាត់មុខយ៉ាងដំណំដោយនារីម្នាក់ ដែលជិះក្នុងការប៊ីនរថយន្តបង្ករងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចេញមកវាស់វែងរួចភាគីទាំងសងខាង សម្រួលគ្នាដោយខាងរថយន្តបង្កចេញថ្លៃការខូចខាត ដើម្បីបញ្ចប់រឿង៕
មតិយោបល់