ព័ត៌មានជាតិ

សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់ជិះម៉ូតូទៅឈប់លើស្ពានព្រះមុនីវង្ស លោតទឹកសម្លាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូ ZOOMERX មួយគ្រឿង ទៅឈប់នៅលើស្ពានព្រះមុនីវង្សចាស់ រួចក៏សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលោតទឹកសម្លាប់ សង្ស័យមានវិបត្តិផ្លូវចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចខាងលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែល២៧ឆ្នាំ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GV-1987 ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ឆ្ពោះឡើងស្ពានព្រះមុនីវង្សចាស់ ។

លុះដល់ចំណុចកើតហេតុបុរសនោះ ក៏បានចុះពីលើម៉ូតូដោយមិនបានពន្លត់ម៉ាស៊ីននោះទេ រួចក៏ស្ទុះតោងឡើងបង្កាន់ដៃស្ពាន ហើយបានលោតទម្លាក់ខ្លួន ចូលទៅក្នុងទឹកទន្លេលិចបាត់ស្រមោលតែម្តង ។ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅខាងលើស្ពាន ហើយក៏មិនដឹងថាបុរសនោះ មានវិបត្តិផ្លូវចិត្តរឿងអ្វីនោះទេ បានជាគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលោតទឹកសម្លាប់យ៉ាងដូច្នេះ ។

បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ និងបានធ្វើការឆែកឆេរក្នុងកែបម៉ូតូរបស់រងគ្រោះ ដែលបន្សល់ទុកនៅលើស្ពាន ក្រែងលោមានអត្តសញ្ញាណ របស់ជនរងគ្រោះដើម្បីងាយស្រួលដល់សមត្ថកិច្ច ក្នុងការទំនាក់ទំនងទៅកាន់សាច់ញាតិ របស់ជនរងគ្រោះ ប៉ុន្តែមិនមានអ្វីដែលអាចបញ្ជាក់ ពីអត្តសញ្ញាណរបស់ជនរងគ្រោះទាល់តែសោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវ ស្វែងរកសាច់ញាតិ ឲ្យមកទទួលយកត្រឡប់ទៅវិញ នៅពេលក្រោយជាបន្តទៀត ៕

មតិយោបល់