ភ្នំពេញៈ លោកគ្រូស្នេហ៍មន្តអាគមអូមអាមម្នាក់ រហ័សនាម (គ្រូផេះ គ្រូអង្គាម )ត្រូវបានលោកអធិការរងខណ្ឌឫស្សីកែវ ប្តឹងទាមទារជំងឺចិត្តនូវទឹក ប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីគ្រូស្នេហ៍ម្នាក់នោះ បង្ហោះឡាយវីដេអូរបរិហារកេរ្ត៍នៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្នូររបស់គាត់ (លោកអធិការរង)យ៉ាងខ្លាំង។
យោងតាមពាក្យបណ្តឹងរបស់លោក លឹម សេរីសោភ័ណ្ឌ ហៅ ភ័ណ្ឌ អធិការរងខណ្ឌឫស្សីកែវ ដែលដាក់ប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ៦ បានឲ្យដឹងថា ខ្លួនសុំប្តឹងគ្រូមន្តអាគមអូមអាមម្នាក់ ឈ្មោះ ណុប សក្កដា រហ័សនាម (គ្រូផេះ គ្រូអង្កាម ) ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅផ្លូវលេខជាតិ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ពីបទបង្ហោះឡាយវីដេអូរបរិហារកេរ្តិ៍ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសបុក កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងហេតុការណ៍ទំនាស់គ្នាមួយដែលលោកអះអាងថាលោកមិនបាននៅក្នុងហេតុការណ៍នោះទេ ។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ទៀតថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បងថ្ងៃរបស់គាត់ ឈ្មោះឈឹម ផារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ បានដុតកន្ទុយសំបុត្រ ផ្ញើម៉ូតូនិងចុងសន្លឹក ចោលនៅមុខផ្ទះរបស់គាត់ដើម្បីជៀសវាងគេលួចយកទៅប្រើប្រាស់ក្នុងអំពើទុច្ចរិតណាមួយជាយថាហេតុ ខណៈនោះស្រាប់តែលោកគ្រូស្នេហ៍អូមអាមនោះ បញ្ជារឲ្យកូនចៅមកពន្លត់ភ្លើងដែលបងថ្លៃប្រុសកំពុងដុតដោយពុំបានសួនាំអ្វីទាំងអស់ ហើយថែមទាំងយកសំណល់កន្ទុយសំបុត្រដែលមិនទាន់ឆេះអស់ទៅទុកក្នុងផ្ទះរបស់ខ្លួន(លោកគ្រូ អូមអាម) បើទោះបីបងថ្លៃរបស់គាត់ទៅសុំវិញយ៉ាងណាក៏មិនឲ្យវិញដែរ មិនតែប៉ុណ្ណោះលោកគ្រូស្នេហ៍អូមអាមនោះបានឡាយវីដេអូ បង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកបរិហាកេរ្ត៍ជាសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់គាត់យ៉ាងខ្លាំងដោយមិនអាចអត់អោនឲ្យបានឡើយ ហើយលោកអធិការរងបានទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
បើតាមអធិការរងលោក លឹម សេរីសោភ័ណ្ឌ បានប្រាប់ថា បងថ្លៃរបស់គាត់បានរកស៊ីផ្ញើម៉ូតូនៅស្ថានីយ៍ទូរទស្សន៍CTN ហើយកន្ទុយសំបុត្រឬចុងសន្លឹកដែលនៅសល់ គឺយកមកផ្ទះហើយដុតបំផ្លាញចោលរាល់មួយអាទិត្យម្តង ដើម្បីជៀសវាងក្រែងជនខិលលួចយកកន្ទុយសំបុត្រឬចុងសន្លឹកផ្ញើម៉ូតូនោះទៅក្នុងបំណងមិនល្អណាមួយជាយថាហេតុ ។ ប៉ុន្តែគ្រូស្នេហ៍អូមអាមនោះ បែរជាពន្លត់ភ្លើងហើយយកកន្ទុយសំបុត្រនិងចុងសន្លឹកផ្ញើម៉ូតូទៅទុកក្នុងផ្ទះហើយពុំព្រមឲ្យវិញសោះ មិនដឹងមានបំណងអីទេ មិនតែប៉ុណ្ណោះ បង្ហោះឡាយវីដេអូប្រមាថ មួលបង្កាច់បង្ខូចកេរ្ត៍ឈ្មោះគាត់នៅលើបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរគាត់យ៉ាងខ្លាំង ទាំងគាត់មិនបាននៅក្នុងហេតុការណ៍នោះផង ។
ប្រភពពីអ្នករស់នៅជិតខាងនិយាយថា ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះផ្ទះគ្រូស្នេហ៍នោះមិនមានភ្ញៀវចូលអ៊ូអរដូចមុនៗទៀតទេ ។ ការដុតក្រដាសកន្ទុយសំបុត្រនោះញឹកញាប់ ប្រហែលជាគ្រូស្នេហ៍នោះសង្ស័យថា ការដុតកន្ទុយសំបុត្រនោះមានដាក់មន្តអាគមអីដែលធ្វើឲ្យភ្ញៀវគ្រូស្នេហ៍នោះលែងចូល ទើបគ្រូស្នេហ៍ទៅពន្លត់ភ្លើងហើយរើ កកាយរកមើលក្រែងមានវត្ថុអី តែរកមិនឃើញ។
ពាក់ពន្ធ័និងបញ្ហានោះ គ្រូស្នេហ៍មន្តអាគមថា គាត់ច្រានចោលការចោទប្រកាន់របស់លោកអធិការរង ហើយថែមទាំងគំរាមថានឹងជួបថ្នាក់លើហើយដកតំណែងអធិការរងក្រវាត់ចោលទៀតផង ៕
មតិយោបល់