ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកូនកាំបិត និងមេសោដេញគប់ស្រ្តីម្នាក់ឲ្យរងរបួស

ភ្នំពេញៈ មានករណីជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកកូនកាំបិត និងមេសោគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមានឈ្មោះ ចេង បញ្ញា ភេទប្រុស អាយុ៣១ ឆ្នាំមុខរបរមិនពិតប្រាកដមាត្រទីលំនៅអ្នកនៅភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ូ ស្រីល័ក្ខ ភេទស្រី អាយុ៣១ ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានរបួសហើមជាំ ផ្នែកកំភួនដៃខាងឆ្វេង ដោយជនសង្ស័យយកមេសោវាយ ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះកំពុងតែដេកលេងនៅក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងបងស្រី ស្រាប់តែពេលនោះក៏លេចមុខជនសង្ស័យខាងលើ សង្ស័យប្រើសារធាតុញៀនជ្រុលលើសកម្រិត ទើបបានដើរចូលក្នុងផ្ទះ រួចក៏បានទាញកូនកាំបិតចេញពីចង្កេះ ដេញចាក់ជនរងគ្រោះ ប៉ុន្តែសំណាងជនរងគ្រោះបានរត់ចេញក្រៅ និងស្រែកអោយគេជួយ ពេលនោះស្រាប់តែជនសង្ស័យ បានទាញយកមេសោចេញពីក្នុងហោប៉ៅខោ យកទៅវាយជនរងគ្រោះចំដៃខាងឆ្វេង បណ្ដាលឱ្យជាំ ។

ភ្លាមៗនោះសមត្ថកិច្ចនគរបាលរដ្ឋបាល ប៉ុស្តិ៍ចោមចៅទី២ បានចុះដល់ទីតាំងខាងលើ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលតែម្ដង ។

យោងតាមពាក្យបណ្ដឹងជនរងគ្រោះ និងយោងលើការឆ្លើយបំភ្លឺរបស់សាក្សី សន្និដ្ឋានថាឈ្មោះ ចេង បញ្ញា ពិតជាបានធ្វើសកម្មភាព ខាងលើពិតប្រាកដមែន ៕

មតិយោបល់