ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះផ្ទះ ១ខ្នងស្ទើរទាំងស្រុង ខណៈម្ចាស់ចេញទៅប្រកបមុខរបររកស៊ី

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះ០១ខ្នងឈើលើ ថ្មក្រោមបានក្លាយជាចំណីអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ឲ្យដឹងថា៖ ផ្ទះដែលរងនូវការខូចខាតដោយសារអគ្គិភ័យឆាបឆេះ មានទំហំ៩ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម មានម្ចាស់ឈ្មោះ ឯក រៀម ភេទ ប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីវ សារួន អាយុ៤៩ ឆ្នាំ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ មុនពេលកើតហេតុម្ចាស់ផ្ទះបានចេញពីផ្ទះទៅរកបេះត្រកួននិងទៅប្រកបរបររកស៊ី នៅសល់តែកូនស្រីម្នាក់មានផ្ទៃពោះ ដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ។ លុះដល់ ភ្លើងបានឆាបឆេះពេញទំហឹងទើបដឹងនិងស្រែកឲ្យប្រជាពលរដ្ឋអ្នកជិតខាងនិងរថយន្តពន្លត់អគ្គិភ័យបានមកដល់ជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់០១រថយន្ត រលត់ទាំងស្រុង ។ចំពោះមូលហេតុបង្ក ឲ្យកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង នៅក្នុងផ្ទះជាន់លើ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ទៀតថា៖ ចំពោះការខូចខាតផ្ទះ ខូចខូចខាតអស់៧០% ទ្រព្យសម្បតិ្តនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ និង ឆេះអស់ប្រាក់ថៃចំនួន១០ម៉ឺនបាត ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

មតិយោបល់