ព័ត៌មានជាតិ

អីយ៉ាស់! តាមទាន់ជាន់កែង មុខរបរសារព័ត៌មានហើយ បែរជាមកធ្វើអ៊ីចឹង..

ស្ទឹងត្រែងៈ លោកវរសេនីយ៍ឯក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់ Post Newsថា មានករណីឃាត់ខ្លួន បុរសម្នាក់ជាអ្នកសារព័ត៌មានតាព្រហ្ម ដោយផ្អែកទៅលើពាក្យបណ្តឹង ពីក្រុមអាជីវករលក់ដូរក្នុងផ្សារស្ទឹងត្រែង ពាក់ព័ន្ធនឹងករណី ឆបោកខុសច្បាប់​ ដោយបន្លំយកចិញ្ជៀនកាឡៃ ទៅបញ្ចាំដើម្បីប្តូរយកទឹកប្រាក់។

ប្រតិបត្តិ​ការនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃច័ន្ទ ១៥រោច ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ស្ថិតក្នុងផ្សារស្ទឹងត្រែង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ដើមបណ្តឹងរួមមាន ទី១ឈ្មោះ គុំ វ៉ាន់ថាត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ និងទី២ឈ្មោះ​ ជាន វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ចំណែកជនសង្ស័យមានឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានតាព្រហ្ម ស្នាក់នៅភូមិកណ្តាល ​ឃុំសណ្តារ ស្រុកលើដែក ខេត្តកណ្តាល។

មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំដដែល​ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ជនសង្ស័យបានយកចិញ្ជៀនដាំត្បូងចំនួន១វង់ ជាលោហៈ ពណ៌លឿង រួចយកទៅបញ្ចាំជាមួយឈ្មោះ គុំ វ៉ាន់ថាត ដែលជាអាជីវករលក់គ្រឿងអលង្ការក្នុងផ្សារស្ទឹត្រែង ក្នុងតម្លៃ៣០ម៉ឺនរៀល បន្ទាប់មកក៏បន្តយកចិញ្ចៀនកាឡៃដាំត្បូងទៅបញ្ចាំឲ្យទៅឈ្មោះ ជាន វុទ្ធី ក្នុងតម្លៃ៥០ម៉ឺនរៀល។

ក្រោយមកក៏មានបុរសម្នាក់ទៀត យកចិញ្ចៀនដាំត្បូងមួយវង់មកបញ្ជាំឲ្យឈ្មោះ គុំ វ៉ាន់ថាត ដោយការសង្ស័យ ឈ្មោះគុំ វ៉ាន់ថាត ក៏ដុតបញ្ឆេះ មើលពីគុណភាព ស្រាប់តែជនសង្ស័យរត់គេចខ្លួន ទើបនាំគ្នាឆោឡោប្តឹង រាយការណ៍ទៅសមត្ថកិច្ច ចុះស្រាវជ្រាវឃាត់ខ្លួន ឈ្មោះ វ៉ាន់ សំណាង បាននៅក្នុងផ្សារស្ទឹងត្រែងតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានរៀបចំតូបលក់មាស នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ខណៈនោះខ្លួនបានយកចិញ្ចៀនដាំត្បូង ពណ៌សមានត្បួង៨គ្រាប់ បញ្ចាំក្នុងតម្លៃ៣០ម៉ឺនរៀលផងដែរ។ ចំណែកបក្ខពួកខ្លួនបានគេចខ្លួនបាត់ស្រមោល បន្ទាប់ពីអាជីវករដឹងពីតម្រុយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនខ្លួនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

មតិយោបល់