ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង ៣០នាទីយប់ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មានករណីឃាតកម្ម មួយបានកើតឡើង ដោយបុរសជាប្តី ច្របាច់ក និងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅបន្ទប់ជួល ដោយសង្ស័យភ្លើងប្រចណ្ឌ ។
បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងព្រៃវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អី សះ ភេទស្រី អាយុ ៣៩ឆ្នាំ ខ្មែរអីស្លាម មុខរបរដើរលក់អីវ៉ាន់ពីរនាក់ប្ដី និងប្រពន្ធ តាមរថយន្តម៉ាក់ Camry មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះត្រូវបានប្ដីចុង ច្របាច់កនិងខ្ទប់មាត់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទប់ផ្ទះជួលតែម្ដង ។ ចំណែកជនសង្ស័យឈ្មោះ យ៉ា ហ្វា ភេទប្រុស អាយុ ៤១ ឆ្នាំ ខ្មែរអីស្លាម មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
តាមការបំភ្លឺពីម្ចាស់ផ្ទះ និងកូនបង្កើតរបស់ជនរងគ្រោះ ដែលដេកបន្ទប់ជាប់គ្នា ដោយឮសំឡេងគួរអោយសង្ស័យ ក៏ហៅម្ចាស់ផ្ទះឲ្យជួយមើល ហើយបានគាស់ កញ្ចក់បង្អួច ឃើញជនសង្ស័យកំពុងច្របាច់កនិងខ្ទប់មាត់ជនរងគ្រោះ ហើយក៏បាននាំគ្នាគាស់ទ្វារបន្ទប់ដើម្បីជួយ តែជនរងគ្រោះត្រូវបានបាត់បង់ជីវិតទៅហើយ ទើបរាយការណ៍មកសមត្ថកិចអោយជួយអន្តរាគមន៍ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ដោយផ្អែកទៅលើការពិនិត្យវិភាគ និងកោសល្យវិច័្ចយ ទៅលើសាកសព ជនរងគ្រោះពិតជាស្លាប់ដោយការ ច្របាច់កនឹងខ្ទប់មាត់ពិតប្រាកដមែន ៕
មតិយោបល់