ត្បូងឃ្មុំៈ ថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០ នាទី លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានដឹកនាំរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង រថយន្ត ស្រុកត្បូងឃ្មុំ និងក្រុងសួង កម្លាំងសហការមាននគរបាលស្រុកត្បូងឃ្មុំ ក្រុងសួង ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ និងប៉ុស្តិ៍នគរបាលថ្មពេជ្រ អាជ្ញាធរ មូលដ្ឋាន មេឃុំ មេភូមិ និងប្រជាពលរដ្ឋនៅក្បែរ បានជួយពន្លត់អគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិទួលពន្លៃ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ាន ម៉ាត់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិចាម នៅភូមិទួលពន្លៃ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្ទះខ្ពស់សង់ពីឈើប្រក់ក្បឿង ទំហំ ៧×៩ ម៉ែត្រពីរខ្នង ។
ខូចខាតរួមមាន៖- ផ្ទះទាំងស្រុង,- ស្រូវ ៥០ បេ,- ប្រាក់ដុល្លារ ៦០០០ ដុល្លារ,- ប្រាក់រៀលចំនួន០២ លានរៀល,- សម្លៀកបំពាក់មួយចំនួន និងឯកសារផ្សេងៗ ។
ចំណែកម្ចាស់ផ្ទះរងគ្រោះមួយទៀតមានឈ្មោះ ហ៊ីម សះ ភេទស្រី អាយុ ៥៧ ឆ្នាំ ជនជាតិចាម នៅភូមិទួលពន្លៃ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្ទះខ្ពស់សង់ពីឈើប្រក់សង្កសីទំហំ ៦×៧ ម៉ែត្រ ។ ខូចខាត៖ -ឆេះជញ្ជាំងរោលសរសរមួយចំហៀង ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច៖ ប្រើទឹកអស់ពីររថយន្តជួយពន្លត់ និងទប់ស្កាត់មិនអោយអគ្គិភ័យរាល ឆេះឆ្លងទៅផ្ទះផ្សេងៗ ដែលសង់នៅក្បែរៗគ្នា ជុំវិញក្នុងភូមិបានទាន់ពេល ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ជាបន្ទាន់ផងដែរ និងបានឧបត្ថម្ភប្រាក់ចំនួន ៣០០ ដុល្លារ ។ – ផ្ទះជនរងទាំងពីរចំនួន២០០ដុល្លារ ក្នុងផ្ទះមួយ ១០០ ដុល្លារ ,- កងកម្លាំងសមត្ថកិច្ចជួយពន្លត់ចំនួន ១០០ ដុល្លារ ៕
មតិយោបល់