ព័ត៌មានជាតិ

រថភ្លើងបើកកៀររថយន្តរុញផ្ទប់បោកនឹងរថយន្តមួយគ្រឿងទៀត បុកម៉ូតូនិងម៉ូតូកង់បី របួស៣នាក់!

ភ្នំពេញៈ រថយន្តសម្រាប់ដឹកម៉ូតូមួយគ្រឿង ទើបបើកចេញពីផ្ទះសំណាក់ ដោយខ្វះការប្រុងប្រយ័ត្ន ចូលគន្លងផ្លូវដែក ត្រូវបានរថភ្លើងបើកមកដល់កៀររុញបោកផ្ទប់នឹងរថយន្តកាមរីមួយគ្រឿងទៀត និងបុកកិនម៉ូតូ ម៉ូតូកង់បី បណ្តាលឲ្យមនុស្សស្រី៣នាក់រងរបួសស្រាល កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវចូលវត្តតាំងកសាង កែងផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកCANTER ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0380 ជារថយន្តសម្រាប់ដឹកម៉ូតូ របស់ក្រុមហ៊ុន អ្នកបើកបរបានគេចខ្លួនបាត់ ។
ចំណែករថយន្ត រងគ្រោះ មួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-6344 រងខូចខាតខ្ទេច ។ ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ស្លាកលេខ បានដាច់បាត់ អ្នកបើកបរ និងអ្នករួមដំណើរ ស្រ្តី៣នាក់រងរបួសស្រាល ។ ម៉ូតូកង់បី មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1N-3453 រងខូចខាត កំពិត ផ្នែកខាងក្រោយបន្តិចបន្តួច ក្រោយកើតហេតុ បន្តដំណើរទៅបាត់ ។ ក្រៅពីរងខូចខាតយានជំនិះ សម្ភារៈ ស្លាកប៉ាណូ និងទុយោទឹក ដាច់ បាក់បែក ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្ត សម្រាប់ដឹកម៉ូតូ បានបើកចេញពីផ្ទះសំណាក់ពោធិចិនតុង ក្បែរនោះ ពីជើងទៅត្បូងសំដៅឡើងផ្លូវសហព័ន្ធរុស្សី ក៏ប៉ុន្តែការបើកបររបស់គាត់ ខកវះការប្រុងប្រយ័ត្ន បានបើកលើគន្លងផ្លូវ ហាមឃាត់របស់ផ្លូវដែក ស្របពេលនោះ ស្រាប់តែរថភ្លើង ខ្សែដឹកអ្នកដំណើរ បើកពីជើងទៅត្បូងសំដៅចូលព្រលានយន្តហោះ មកដល់ ក៏កៀរពីក្រោយរថយន្តដឹកម៉ូតូ រុញអូសទៅផ្ទប់នឹងរថយន្ត កមរីបាឡែន កំពុងបើកចិញ្ចើមផ្លូវ ស្របទិស រុញផ្ទប់បោកបង្គោលស្លាកប៉ាណូ បុកដាច់ទាំងទុយោទឹក ហើយរថយន្តបុកម៉ូតូសេ១២កល់ជាប់ពីក្រោមមួយគ្រឿង និងប៉ះម៉ូតូកង់បីមួយគ្រឿងទៀតផង ។ ក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យស្រ្តី៣នាក់ ជាភាគីខាងម៉ូតូសេ១២៥ រងរបួសស្រាល រថភ្លើងនិងរថយន្តគៀបជាប់គ្នា ច្រង៉ាងពេញផ្លូវ ។

ក្រោយកើតហេតុ ភ្លាមៗ អ្នកបើកបររថយន្តដឹកម៉ូតូ ចុះរត់គេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ច បុគ្គលិក ក្រុមហ៊ុន អាយស្ម័យាន នាំគ្នាសម្រួលសចរាចរណ៍ និងរុញទាញយករថយន្តអែបគៀនខាង ទើបរថភ្លើងបើកចូលក្នុងព្រលាន រីឯម៉ូតូកង់បី ខូចខាតតិចតួច មិនបាននៅ ម្ចាស់សុខចិត្ត បើកយកទៅជួសជុលដោយខ្លួនឯង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះ៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ចំណែកឯរថភ្លើង បើកដំណើរការងារ ជាធម្មតាវិញ ៕

មតិយោបល់