កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានករណីធ្វើឲ្យខូចខាត ដោយចេតនា នៅចំណុចផ្ទះជនរងគ្រោះ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឆាង គីមរ៉ុង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ឆាយ គីមហ៊ុន ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សម្ភារៈខូចខាត៖ បែកកញ្ចក់បង្អួចផ្ទះចំនួន០១ផ្ទាំង ។ វត្ថុតាងចាប់យករួមមាន៖ ដំបងឈើចំនួន០១ដើម ។
នៅមុនពេលកើតហេតុ ប្រហែលវេលាម៉ោង២០និង១០នាទី ជនរងគ្រោះបានបិទទ្វារផ្ទះហើយចូលសម្រាកលុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានឮសំឡេងមានមនុស្សវាយទ្វារផ្ទះរបស់ខ្លួន ក៏ស្រែកសួរថាអ្នកណាគេហ្នឹង ជនសង្ស័យបានស្រែកឆ្លើយតបវិញថា ខ្ញុំឈ្មោះ គីមហ៊ុន ហើយជនសង្ស័យ បានសួរទៅជនរងគ្រោះទៀតថា មានលុយចាយអត់ឲ្យខ្ញុំចាយផង ជនរងគ្រោះឆ្លើយតបវិញថា គ្មានលុយទេ ។
បន្ទាប់មកជនសង្ស័យ បានដើរទៅឈរក្បែរបង្អួចខាងក្រោយផ្ទះ ហើយបានយកដំបងឈើវាយ បំបែកកញ្ចក់បង្អួច ។ ដោយឃើញ សភាពការណ៍បែបនោះ ជនរងគ្រោះបានទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ច ។ ក្រោយពីទទួលបណ្ដឹង តាមរយៈទូរស័ព្ទភ្លាម កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងដើម្បីសួរនាំតាមនីតិវិធី ។
ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារនៅប្រហែលវេលាម៉ោង១៩និង១០នាទី ជនរងគ្រោះបានជេរប្រមាថមកលើគ្រួសារ របស់ខ្លួនទើបជនសង្ស័យខឹង បានយកដំបងឈើ ទៅវាយកញ្ចក់បង្អួចផ្ទះរបស់ជនរងគ្រោះតែម្ដង ។ ការធ្វើតេស្តទឹកនោមជនសង្ស័យ រកសារធាតុញៀន លទ្ធផលវិជ្ជមាន (+) ។ ចំពោះករណីនេះកម្លាំងជំនាញ កសាងសំណុំរឿងបន្តតាមនីតិវិធី ៕
មតិយោបល់