គេសង្ឃឹមថា សេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់កាលពីថ្ងៃពុធនោះ នឹងបន្ធូរបន្ថយភាពតានតឹង ក៏ប៉ុន្តែផ្ទុយទៅវិញ វាបានធ្វើឲ្យមានការតវ៉ាពីសមាជិកខ្លះរបស់សភាសហរដ្ឋអាមេរិក និងការរិះគន់ពីអឺរ៉ុបខាងកើត។
សេចក្តីថ្លែងការណ៍រួមនេះ បានកើតមានឡើងបន្ទាប់ពីជំនួបកំពូលកាលពីសប្តាហ៍មុនរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលមានការខ្វែងគំនិតគ្នាអំពីបំពង់បង្ហូរឧស្ម័ននេះ ដែលអាល្លឺម៉ង់មើលឃើញថា ជាគម្រោងពាណិជ្ជកម្ម ហើយសហរដ្ឋអាមេរិកមើលឃើញថា ជាគម្រោងភូមិសាស្ត្រនយោបាយរបស់រដ្ឋាភិបាលរុស្ស៊ី។
សេចក្តីថ្លែងការណ៍នោះ សន្យាធ្វើឲ្យប្រាកដថា ប្រទេសរុស្ស៊ីនឹងមិនប្រើគម្រោងបំពង់ឧស្ម័ន Nord Stream 2 ដើម្បីប្រយោជន៍នយោបាយ ដោយប្រើថាមពលនេះជាអាវុធទេ។ សេចក្តីថ្លែងការណ៍នោះ ក៏បានគាំទ្រអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាព និងសន្តិសុខប្រទេសអ៊ុយក្រែន តាមរយៈការវិនិយោគទុននៅក្នុងការអភិវឌ្ឍថាមពលប្រកបដោយចីរភាព។ ប្រទេសអាល្លឺម៉ង់ ក៏បានសន្យាជួយប្រទេសអ៊ុយក្រែនធ្វើការចរចាបន្តសន្ធិសញ្ញាដឹកឧស្ម័នរុស្ស៊ីឆ្លងកាត់ប្រទេសអ៊ុយក្រែនដែរ ហើយក៏បានសន្យាចាត់វិធានការ ប្រសិនបើរុស្ស៊ីប្រើបំពង់បង្ហូរឧស្ម័ននោះ ដើម្បីដាក់សម្ពាធលើប្រទេសអ៊ុយក្រែន។
វីអូអេកាលនៅថ្ងៃពុធ បាននិយាយជាមួយលោក Yuriy Vitrenko ប្រធានក្រុមហ៊ុន Naftogaz ដែលជាក្រុមហ៊ុនថាមពលរដ្ឋអ៊ុយក្រែន។ លោក Vitrenko បានមករដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពន្យល់ពីក្តីបារម្ភរបស់ប្រទេសអ៊ុយក្រែនអំពីបំពង់បង្ហូរប្រេងថ្មីនេះ។
លោក Vitrenko បានប្រាប់វីអូអេភាសាអ៊ុយក្រែនថា «Nord Stream 2 មិនគួរដំណើរការទេ»។ លោកអះអាងថា ប្រសិនបើរុស្ស៊ីលែងត្រូវការអ៊ុយក្រែនសម្រាប់ការបង្ហូរឧស្ម័នទៅអឺរ៉ុប លោកពូទីន ទំនងជានឹងបើកការវាយប្រហារពេញទំហឹងប្រឆាំងនឹងប្រទេសលោកដែលមានសង្គ្រាមជាមួយគ្នាតាំងពីឆ្នាំ២០១៤៕
មតិយោបល់