បន្ទាយមានជ័យៈ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយបានដើរទៅដាក់ម៉ង បាត់មួយយប់ លុះព្រឹកឡើងប្រពន្ធដើររក ក៏ប្រទះឃើញជាប់ខ្លួនឯងលង់ទឹកស្លាប់។
តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ប្រពន្ធដើររកប្ដីប្រទះឃើញប្ដីលង់ទឹកស្លាប់ នៅក្នុងប្រឡាយ ស្ថិតនៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា សពមានឈ្មោះ សាន គឹមសិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
លោកវរ:សេនីយ៍ត្រី ជា ពិសី បានឲ្យដឹងទៀតថា តាមសំដីប្រពន្ធជនរងគ្រោះ ឈ្មោះនាក់ សុខា អាយុ៤៤ឆ្នាំ មានកូន៣នាក់ ប្រុស២ ស្រី១ បានប្រាប់ថា ប្ដីរបស់គាត់បានផឹកស្រាស្រវឹងរួចបានទៅដាក់មង នៅតាមប្រឡាយទឹកខាងលិចផ្ទះចម្ងាយប្រហែល១៥០ម៉ែត្រ តាំងពីម៉ោង៥ល្ងាច ថ្ងៃទី១៥ម្លេះ។ ដោយបាត់ប្ដីពេញមួយយប់ ទើបព្រឹកឡើងម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៦ គាត់ក៏ទៅរកប្ដីស្រាប់តែប្រទះឃើញសពប្ដីលង់់ទឹកស្លាប់ ទើបរាយការណ៍មកសមត្ថកិច្ច។
លោកវរ:សេនីយ៍ត្រី ជា ពិសី បានឲ្យដឹងទៀតថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះ លង់ទឹកស្លាប់ដោយសាមងរុំជើង (ព្រោះសាកសពពេលស្រង់ពីទឹកឃើញមងរុំជើងជាប់ទាំងសងខាង)។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់