ភ្នំពេញៈ នៅវេលាម៉ោង១២និ៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានករណីនារីវ័យក្មេងម្នាក់ មានរឿងរ៉ាវលាក់ទុកក្នុងចិត្ត ដោះស្រាយមិនចេញ ក៏សម្រេចចិត្តហៅម៉ូតូកង់បីជិះចេញពីបន្ទប់ជួលរបស់ខ្លួនស្នាក់នៅ មកឈប់លើស្ពានជ្រោយចង្វា ត្រូវម្ចាស់ម៉ូតូកង់បីមានការសង្ស័យ ខ្លាចនាងគិតខ្លីមកលោតទឹកសម្លាប់ខ្លួន ក៏ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ករណីខាងលើនេះ បើយោងតាមប្រភពព័ត៌មាន ពីម្ចាស់ម៉ូតូកង់បី បាននិយាយរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺនារីនោះបាន ហៅម៉ូតូកង់បីរបស់គាត់ ជិះចេញពីម្តុំផ្លូវវេងស្រេងមកស្ពានជ្រោយចង្វា ។ ខណៈដែលជិះមកដល់ត្រង់ចំណុចកើតហេតុ ឡើងដល់ពាក់ កណ្ដាលស្ពាន នារីខាងលើបានអោយគាត់ឈប់ម៉ូតូ ដោយឃើញមានអាការប្លែក គាត់ក៏មិនហ៊ានឈប់ម៉ូតូនោះទេ ហើយខណៈពេល នោះស្រាប់តែនាងបានលោតចុះពីលើម៉ូតុកង់បី ឃើញដូច្នោះគាត់ក៏ជិះសំដៅមករកសមត្ថកិច្ច ដែលប្រចាំការនៅ គោលដៅស្ពាន ជ្រោយចង្វា ត្រង់រង្វង់មូលព្រហ្មមុខបួន អោយជួយមើលខ្លាចនាងលោតទឹកសម្លាប់ខ្លួន ។
យោងតាមប្រភពព័ត៌មាននារីខាងលើ បានឲ្យដឹងថា រូបនាងមានឈ្មោះ ស្រី ម៉ាច មានអាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅបន្ទប់ជួលម្តុំលូប្រាំ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុដែលនាងមកលើ ស្ពានជ្រោយចង្វាចាស់នេះ គឺនាងគ្មានបំណងគិតខ្លីចង់លោតទឹកសម្លាប់ខ្លួននោះទេ នាងឡើងមកគ្រាន់តែចង់លំហែខួរក្បាល តែប៉ុណ្ណោះ កុំអោយគិតច្រើនពេកព្រោះសព្វថ្ងៃនេះ នាងមានរឿងរ៉ាវស្មុគស្មាញច្រើន ដោះស្រាយមិនចេញ ព្រោះជារឿងផ្ទាល់ខ្លួន ដែលនាងមិនអាចនិយាយប្រាប់បាន និងរឿងគ្រួសារដែលជំពាក់បំណុលគេច្រើន ហើយសព្វថ្ងៃនាងរកលុយមិនសូវបាន និងមិនអាចជួយគ្រួសារបាន ទើបធ្វើអោយនាងសុញគំនិតគិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលើស្ពានជ្រោយចង្វាចាស់នេះ ដើម្បីរំសាយភាពសោកសៅតែប៉ុណ្ណោះ ។
ក្រោយការភ្ញាក់ផ្អើល នារីរងគ្រោះត្រូវបានសមត្ថកិច្ច ឃាត់ចុះមកក្រោមស្ពានវិញ នៅគោលដៅប្រចាំការរបស់កម្លាំងអន្តរាគមន៍ ខណ្ឌជ្រោយចង្វា ហើយកម្លាំងសមត្ថកិច្ចក៏បានអោយនាង ទាក់ទងទៅមិត្តភក្ដិអោយមកយកនាងត្រឡប់ទៅវិញ កុំបណ្តោយឲ្យនៅតែម្នាក់ឯង ខ្លាចនាងគិតអ្វីផ្តេសផ្តាសចង់បញ្ចប់ជីវិតខ្លួន ៕
មតិយោបល់