ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចម៉ូតូមិត្តភក្តិទៅលក់ឲ្យហាងបញ្ចាំមួយកន្លែងបាន ១៥០ដុល្លារ រួចគេចខ្លួនបាត់ជិត ១ខែ ទើបម្ចាស់ប្រទះឃើញ និងឃាត់ខ្លួន

ភ្នំពេញៈ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីម្ចាស់ប្រទះឃើញ និងចាប់ជនសង្ស័យម្នាក់ ដែលបានលួចម៉ូតូទៅបញ្ចាំនៅម្ដុំផ្លូវ២៤៧ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយគេចខ្លួនបាត់ជិត ១ខែ។

ជនសង្ស័យឈ្មោះ ហ៊ីម រតនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំផ្លូវរថភ្លើងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ និងខ្លួន ធ្លាប់ស្គាល់គ្នា ហើយនៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រូបគេនិងជនសង្ស័យ បានជិះម៉ូតូ ម៉ាក nex2 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT-9212 ដើរលេងជាមួយគ្នា។
លុះបន្ទាប់មកទៀតក៏នាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់មួយកន្លែង ម្តុំផ្លូវភ្លោះអូឬស្សី សង្កាត់បឹងព្រលិត ខណ្ឌ7មករា ខណៈដែលរូបគេដេកលក់បាត់ ជនសង្ស័យជាមិត្តភ័ក្ដិបានលួចយកម៉ូតូគេចខ្លួនបាត់។ ស្រាប់តែរហូតមកដល់យប់ថ្ងៃទី២៨ យប់មិញនេះ ខ្លួនបានប្រទះឃើញជនសង្ស័យនៅម្តុំផ្សារដេប៉ូ រួចធ្វើការឃាត់ខ្លួនតែម្តង ហើយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងកន្លែងដែលយកម៉ូតូទៅលក់។

ករណីនេះ ជនសង្ស័យបានបញ្ជាក់ថា ម៉ូតូដែលខ្លួនលួចបានយកទៅលក់នៅហាងបញ្ចាំមួយកន្លែង តាមបណ្ដោយផ្លូវ២៤៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានតម្លៃ ១៥០ដុល្លារ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌ7មករា ឲ្យមកយកជនសង្ស័យ ដើម្បីទៅចាត់ការទៅតាមនីតិវិធីច្បាប់បន្ត៕

មតិយោបល់