ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់! ក្មេងស្រីអាយុ០៣ឆ្នាំម្នាក់ លង់ទឹកប្រឡាយស្លាប់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា គួរឲ្យសង្វេគណាស់ក្មេងស្រីអាយុ០៣ឆ្នាំលង់ទឹកប្រឡាយស្លាប់នេះ ក៏ដោយសារតែការធ្វេសប្រហែសរបស់ម្តាយ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡោច ញ៉ាញ់ ភេទស្រី អាយុ០៣ឆ្នាំ រស់នៅភូមិ បឹងសុក្រំ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ម្តាយដឹងថាកូនស្រីបានដើរតាម ខណ:ដែលខ្លួនដើរទៅលេងផ្ទះអ្នកជិតខាង ពេលទៅដល់ផ្ទះអ្នកជិតខាងបានមួយសន្ទុះ ទើបនឹកឃើញកូន ហើយមិនបានចាប់អារម្មណ៍ថា កូនចុះលេងទឹកប្រឡាយទេ ពេលត្រឡប់ដើរមករកកូនវិញ ក៏ប្រទះឃើញកូនលង់ទឹកប្រឡាយស្លាប់ នៅចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ ។

ប្រភពដដែលបានបញ្ជាក់ថា ឪពុកកុមារីរងគ្រោះឈ្មោះ​ សេង ឡោច អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ហេង ចន្ធី អាយុ២៤ឆ្នាំ ។ កុមារីរងគ្រោះជាកូនទី០២ សពត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យជាទីបំផុត ៕

មតិយោបល់