ព័ត៌មានជាតិ

បង្ក្រាបជនជាតិចិនម្នាក់រួមនឹងវត្ថុតាង ករណីផ្ទុះអាវុធ០២គ្រាប់ នៅសណ្ឋាគារស៊ីងហាវអ៊ីងហួយ

ព្រះសីហនុ: ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានស្រាវជ្រាវ បង្ក្រាបករណីជនសង្ស័យផ្ទុះអាវុធ០២គ្រាប់ ដែលបង្កឡើងដោយជនជាតិចិន នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ មានករណីផ្ទុះអាវុធចំនួន០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី០១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន០២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០នាទីយប់ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី០១ដើម ។

ជនសង្ស័យមានឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខ: E46927678 ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ -កាំភ្លើងខ្លី០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់: 66B087323, -បង់កាំភ្លើង០១ មានគ្រាប់ចំនួន០៨គ្រាប់ (ប្រភេទ ៩mm) ។ សម្ភារ:ខូចខាត៖ ទ្វារកញ្ចក់០១ផ្ទាំង ។

ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់