ព័ត៌មានជាតិ

អស្ចារ្យមែន! ឆក់ទូរស័ព្ទនារីលក់សណ្តែកដីម្នាក់បានសម្រេច ពីរថ្ងៃក្រោយឲ្យម្ចាស់យកលុយ៣០ដុល្លារមកលស់

ភ្នំពេញៈ នៅវេលាម៉ោង១០ និង០០ នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពីស្រ្តីរងគ្រោះម្នាក់ ជាអ្នកលក់សណ្តែកដី បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, បន្ទាប់មកនៅវេលាម៉ោង០៣ និង០០នាទីយប់ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានរយៈពេលពីរថ្ងៃ ជនសង្ស័យបានណាត់ជាមួយជនរងគ្រោះជួបគ្នា នៅកន្លែងកើតហេតុ ឲ្យយកលុយចំនួន៣០ដុល្លារ មកលស់យកទូរស័ព្ទទៅវិញ ។

ករណីខាងលើនេះ តាមការនិយាយរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានធ្វើដំណើរលក់សណ្តែកដី នៅតាមបណ្តោយផ្លូវកើតហេតុជារៀងរាល់ថ្ងៃ ខណៈនោះស្រាប់តែលេចមុខជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO បានសម្រេច រួចពួកវាក៏បានជិះម៉ូតូគេចខ្លួន បាត់ស្រមោលចេញពីកន្លែងកើតហេតុ ។ ទូរស័ព្ទដៃដែលបានបាត់នោះមានតម្លៃ២៤០ដុល្លារ ដោយគាត់ទិញប្រើរយៈពេល០៣ឆ្នាំ មកហើយ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃយកទៅបាត់ នារីរងគ្រោះតែងតែព្យាយាម ខលទៅជានិច្ចរហូតអស់រយៈពេលចំនួន០២ថ្ងៃ ទើបទូរស័ព្ទដែលគាត់ខលទៅនោះ ក៏មានអ្នកទទួលលើកនិយាយ ឆ្លងឆ្លើយគ្នាជាមួយជនរងគ្រោះ ដោយភាគីម្ខាងទៀតដែលជាជនសង្ស័យ បានណាត់ឲ្យជនរងគ្រោះមកជួបគ្នានៅកន្លែងកើតហេតុ ហើយឲ្យយកលុយចំនួន៣០ដុល្លារ មកលស់ទើបពួកវាប្រគល់ទូរស័ព្ទដៃនោះឲ្យទៅជនរងគ្រោះវិញ ។

លុះដល់ពេលកំណត់ជួបគ្នា នៅវេលាម៉ោង០៣ និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ជនរងគ្រោះបានធ្វើដំណើរមកដល់កន្លែងកើតហេតុ ដែលជនសង្ស័យបានណាត់ជួបគ្នា ពេលមកដល់នារីរងគ្រោះ បានខលទូរស័ព្ទ ទៅជនសង្ស័យទៀត ហើយក៏បានឆ្លងឆ្លើយគ្នាទៅវិញទៅមក ដោយជនរងគ្រោះឲ្យជនសង្ស័យចេញមកជួប ប៉ុន្តែមិនឃើញលេចមុខ នូវជនសង្ស័យនោះចេញមកទេ ។ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចុះមកដល់ចំណុចកើតហេតុ ជាច្រើនអង្គភាពដើម្បីផ្សព្វផ្សាយព័ត៌មាន ។

ហេតុការណ៍ខាងលើនេះ ជនសង្ស័យហាក់បីដូចជានៅក្បែរៗ កន្លែងកើតហេតុនោះ បន្ទាប់ពីជនរងគ្រោះបានមកតាមការណាត់ តែមិនឃើញមុខជនសង្ស័យមកជួបនោះទេ ដោយឲ្យនារីរងគ្រោះដើរចេញពីកន្លែងកើតហេតុចម្ងាយ១០០ម៉ែត្រ ប៉ុន្តែជនរងគ្រោះ មិនធ្វើតាមការបង្គាប់នោះទេ ដោយភ័យខ្លាចក្រែងមានគ្រោះអាក្រក់ផ្សេងៗកើតឡើងចំពោះខ្លួន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន លោកបានឲ្យនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចងាយស្រួល ក្នុងការស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ។ ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ មិនទាន់បានទៅដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ ដោយសារយប់ងងឹតខ្លាំងពេក គាត់មកចោលកូនៗនៅឯផ្ទះ ហើយចាំដល់ពេលព្រឹកឡើង ទើបពួកគាត់បានមកដាក់ពាក្យបណ្តឹង ៕

មតិយោបល់