ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូជិះបុកបង្កាន់ដៃស្ពាន ករណីនេះកើតឡើងនៅចំណុចលើស្ពានក្រសារ (ផ្លូវកោង) ផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិ ចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២១និង ៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២១ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចផ្លូវកោង ស្ពានក្រសារ អ្នកបើកបរគ្រប់គ្រងម៉ូតូលែងបាន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពាន រួចធ្លាក់ចូលទៅក្នុងទឹក ដោយឃើញហេតុការណ៍ដូចនេះប្រភពបាន នាំគ្នាទៅជួយលើកជនរងគ្រោះចេញពីទឹក តែជាអកុសលរូបគេ បានស្លាប់ បាត់ទៅហើយ ។
លោកវរសេនីយ៍ទោ ស៊ុយ ម៉ៅ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺស្លាប់មនុស្សម្នាក់ឈ្មោះ ទាំ វណ្ណសូត្រ អាយុ ២៧ឆ្នាំ ភេទប្រុស ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិ ចុងខ្លុង ឃុំ អូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ និងខូចខាតម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1. K 5794 ។
ដោយមូលហេតុ ប្រើប្រាស់ល្បឿនលឿន ។ លោកអធិការបានបន្តថា បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់