បន្ទាយមានជ័យៈ មានក្មេងតូច៣នាក់ជាបងប្អូននឹងគ្នាត្រូវបានគេរាយការណ៍ថាបានលង់ទឹកត្រពាំងស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងភាស់ ស្ថិតក្នុងភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបានឲ្យដឹងថា កុមាររងគ្រោះ ១ឈ្មោះ សឿន សំបូរ ភេទប្រុស អាយុ៥ឆ្នាំ ២ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ៥ឆ្នាំ កុមាររងគ្រោះទាំង២ជាកូនភ្លោះ និងទី៣ឈ្មោះ រ៉ឺន សុភារិទ្ធ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពដដែលពីលោកវរសេនីយ៍ទោ ជ័យ សុកា បានឲ្យដឹងទៀតថា បើតាមការរៀបរាប់របស់ជីតា កុមាររងគ្រោះទាំង៣នាក់ បានឲ្យដឹងថា ពេលរូបគាត់ទៅដាក់មងនៅត្រពាំងភាស ពេលនោះចៅរបស់គាត់ទាំង៣នាក់ បានរត់តាមទៅជាមួយ គាត់ឃើញដូច្នេះ ក៏ដេញឲ្យត្រឡប់មកផ្ទះវិញ។ គាត់ស្មានថា ចៅៗរបស់គាត់ត្រឡប់ទៅផ្ទះវិញអស់ហើយ មួយសន្ទុះធំក្រោយមកប្រពន្ធរបស់គាត់បាត់ចៅៗ ក៏បានស្រែកសួរគាត់ ពេលនោះគាត់ឡើងមកពីកន្លែងដាក់មងមកវិញរកមើលចៅៗរបស់គាត់ ស្រាប់តែឃើញស្បែកជើង និងខោអាវនៅក្បែរមាត់ទឹកហើយគាត់ ក៏ស្រែកឲ្យអ្នកជិតខាងជួយរក ពេលនោះក៏នាំគ្នាចុះរាវរកក្នុងទឹកបានប្រទះឃើញកុមារទាំង៣នាក់ លិចទៅក្នុងទឹក អកុសពេលស្រង់ឡើងកុមារទាំង៣នាក់នោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
លោកវរសេនីយ៍ទោ ជ័យ សុកា បានបន្តទៀតថា សពកុមាររងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕
មតិយោបល់