ភ្នំពេញៈ នារីស្រស់ស្អាតវ័យអាយុ១៩ឆ្នាំម្នាក់ ទំនងជាមានវិបត្តិក្នុងគ្រួសារ បានគិតខ្លីមកបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន តែសំណាងល្អបានពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ពេល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ អាលីន មានអាយុ១៩ឆ្នាំ បច្ចុប្បន្ន0ស្នាក់នៅម្តុំទួលសង្កែ
យោងតាមប្រភពពីពលរដ្ឋម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់បានធ្វើដំណើរឆ្លងកាត់លើស្ពានជ្រោយចង្វា រួចក៏ឃើញនារីរូបនោះ បានមកអង្គុយយំនៅលើស្ពានជ្រោយចង្វា ទាំងមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង ទំនងជាមានវិបត្តិនៅក្នុងគ្រួសារ បន្ទាប់មកគាត់ក៏បានឃើញនារីរូបនោះ ឈានជើងជាន់លើបង្កាន់ដៃស្ពាន រៀបលោតទម្លាក់ខ្លួនចុះទៅក្រោម គាត់ក៏បានរត់ទៅចាប់ទាញដៃទម្លាក់នារីរូបនោះ មកខាងក្រោមវិញ រួចព្យាយាមសួរនាំ និងពន្យល់ទៅលើនាងកុំឲ្យគិតខ្លី ក្រោយមករូបគាត់ក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចលើករូបនាងដាក់លើម៉ូតូ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ដើម្បីសួរនាំរកក្រុមគ្រួសារសាច់ញាតិ ឲ្យមកទទួលយកទៅផ្ទះវិញ ៕
មតិយោបល់