ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកន្ត្រៃ និងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា ។ ឧបទ្ទវហេតុបានកើតឡើង កាលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើកំណាត់ផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០២-១០៣ ត្រង់ចំណុចជប់មេខា ស្ថិតក្នុងភូមិហាលៀម ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
វរសេនីយ៍ឯក ធូ សុភា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ លាក់ សុខសាន ភេទស្រី រស់នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាអ្នកបើកកមបរម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AL-48 51 លេខម៉ាស៊ីន ND125ME 5914012 បើកបរក្នុងទិសដៅពី លិចទៅកើតរងរបួសធ្ងន់ មិនពាក់មួកសុវត្ថិភាព, ទី២-អ្នករួមដំណើរ ឈ្មោះ ភ័ណ្ឌ ភារាក់ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ (រងរធ្ងន់) មិនពាក់មួកសុវត្ថភាព, ទី៣-អ្នករួមដំណើរ ឈ្មោះ សឿន ញ៉ាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កងទ័ព ទីលំនៅបច្ចុប្បន្ននៅ ភូមិហាលៀមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (រងរបួសស្រាល) មិនពាក់មួកសុវត្ថិភាព, ទី៤-អ្នកបើករបរគោយន្តកន្ត្រៃឈ្មោះ សូរ មណ្ឌល ភេទប្រុស អាយុ២៥ឆ្នាំ KUBUTA ពណ៌ក្រហម លេខម៉ាស៊ីនRT110-029127 បើកបរពីទិសដៅ ពីលិចទៅកើត គ្មានរងរបួស ។
លោកនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបន្តថា មូលហេតុៈ គោយន្តកន្ត្រៃឈប់ ដោយពុំបានដាក់សញ្ញា សំគាល់ចរាចរណ៍ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ទើបបណ្តាលឲ្យម៉ូតូមកបុកពីក្រោយ ។ ករណីខាងលើបណ្តាលឲ្យៈ ម៉ូតូខូចខាតធ្ងន់០១ គ្រឿង គោយន្តកន្រ្តៃខូចខាតស្រាល០១គ្រឿង ។ ចំណែកវត្ថុតាងទាំងពីរខាងលើ កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់